(ហ្វ្រេងហ្វឺត)៖ ស្ថាប័ន FIFA បានផ្តល់ជ័យជម្នះដល់ក្រុមជម្រើសជាតិនីហ្សេ និងទទួលបាន ៣ពិន្ទុពេញ ក្នុងការប្រកួតបាល់ទាត់ជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ជាមួយនឹងក្រុមជម្រើសជាតិកុងហ្គោ ដែលត្រូវបានពន្យារពេលក្នុងខែនេះនោះ។ នេះបើតាមការឱ្យដឹងពី FIFA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

កុងហ្គោ បានបដិសេធធ្វើដំណើរទៅកាន់រដ្ឋធានី Kinshasa របស់ខ្លួន សម្រាប់ការធ្វើជាម្ចាស់ផ្ទះរបស់ពួកគេ បន្ទាប់ពីកីឡដ្ឋានរបស់ពួកគេ ក្នុងទីក្រុង Brazzaville ត្រូវបានគេចាត់ទុកថា មិនសមស្របទៅនឹងតម្រូវការនៃការធ្វើជាម្ចាស់ផ្ទះ។

ដោយឡែក នីហ្សេបានធ្វើដំណើរទៅប្រកួត ហើយត្រូវបានគេផ្តល់ជូនលទ្ធផល ៣-០ ដែលនាំឱ្យពួកគេស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងពូល E ដោយមាន ៦ពិន្ទុ ដាច់ ៣ពិន្ទុតាមពីក្រោយក្រុមនាំមុខម៉ារ៉ុក។

ចំពោះកុងហ្គោវិញ មិនទាន់រកបានពិន្ទុនៅឡើយទេ ពី ៣ប្រកួតរបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងកីឡាកុងហ្គោ លោក Hughes Nguilondile បានប្រកាសថា កីឡដ្ឋានរួចរាល់នៅចុងខែឧសភា ប៉ុន្តែវាត្រូវបានគេចាត់ទុកថាយឺតពេល សម្រាប់ការផ្លាស់ប្តូរការប្រកួត។ FIFA បានណែនាំឱ្យការប្រកួតរៀបចំឡើង នៅទីក្រុង Kinshasa ដូចការគ្រោងទុកពីពេលដើម ដែលនាំឱ្យមានការដកខ្លួនរបស់កុងហ្គោ។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦​ នឹងធ្វើឡើងដោយមាន ៣ប្រទេស ធ្វើជាសហម្ចាស់ផ្ទះ ក្នុងនោះរួមមាន សហរដ្ឋអាម៉េរិក, ម៉ិកស៊ិក និងកាណាដា៕