(បរទេស)៖ របាយការណ៍ថ្មីពី The Verge បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google គ្រោងរៀបព្រឹត្តិការណ៍ Hardware ដ៏ធំបំផុតរបស់ខ្លួននៅថ្ងៃទី១៣ ខែសីហា ខាងមុខនេះ ជាមួយនឹងការដាក់បង្ហាញនូវមុខងារបញ្ញាសិប្បនិម្មិត (AI) ការធ្វើបច្ចប្បន្នភាពទៅកាន់ទូរស័ព្ទ Pixel និងប្រព័ន្ធប្រតិបត្តិការណ៍ Android។ នេះបើយោងតាមការចេញផ្សាយដោយ CNA។

យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតក្រុមហ៊ុន Google នៅមិនទាន់ធ្វើអត្ថាធិប្បាយបញ្ជាក់នៅឡើយនោះទេ។ ប៉ុន្តែជាទម្លាប់ Google តែងតែប្រកាសបង្ហាញទូរស័ព្ទ និងនាឡិកា Pixel ថ្មីៗរបស់ខ្លួននៅរដូវស្លឹកឈើជ្រុះ ពោលគឺក្នុងអំឡុងខែកញ្ញា។ តាមការរំពឹងទុកពីអ្នកវិភាគក្នុងព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ Google អាចនឹងបង្ហាញផលិតផលថ្មីរបស់ខ្លួនរួមមានទូរស័ព្ទ Pixel 9, Pixel 9 Pro, Pixel 9 Pro XL, Pixel 9 Pro Fold និង Pixel Watch 3 ជាដើម។ ព្រឹត្តិការណ៍នេះក៏អាចបង្ហាញពីការរីកចម្រើនបន្ថែមទៀតនៅក្នុងសមត្ថភាព AI របស់ Google និងរបៀបដែលពួកវានឹងត្រូវបានបញ្ចូលទៅក្នុងឧបករណ៍ Pixel ថ្មី និងកម្មវិធី Android ផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាល Mountain View របស់ Google ដែលនឹងចាប់ផ្តើមនៅម៉ោង ១២រំលងអាធ្រាតតទៅ ម៉ោងនៅក្នុងប្រទេសកម្ពុជា អមដោយ «បទពិសោធន៍ផលិតផលដោយដៃ» នេះបើយោងតាមលិខិតអញ្ជើញរបស់ Google៕