(ភ្នំពេញ)៖ ក្រុមកីឡានិស្សិតកម្ពុជា ដណ្ដើមបានមេដាយ ១គ្រឿងហើយ នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ ២០២៤ (ASEAN University Game 2024) នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ដោយកីឡាការិនីយូដូ កែវ វ៉ាន់ឌឿន ដែលដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៤៨គីឡូក្រាម ។

ការដណ្ដើមបានមេដាយដំបូងជូនជាតិនេះ កើតឡើង ១ថ្ងៃ ក្រោយពិធីបើកការប្រកួតផ្លូវការ នៃកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ ក្នុងនោះបន្ទាប់ពីឆ្លងផុតវគ្គជម្រុះ កែវ វ៉ាន់ឌឿន បានយកឈ្នះកីឡាការិនីម៉ាឡេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ប៉ុន្ដែគួរឲ្យស្ដាយកញ្ញា បានភ្លាត់ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនាំឲ្យទទួលបានត្រឹមមេដាយប្រាក់ ។

សូមបញ្ជាក់ថា ការប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ានខាងលើ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លើ ២១ប្រភេទកីឡា ។ សម្រាប់កម្ពុជា បានបញ្ជូនប្រតិភូសរុប ៤៥នាក់ កលើ ៦ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាប៉េតង់, កីឡាតេក្វាន់ដូ WT, កីឡាអត្តពលកម្ម, កីឡាហែលទឹក និងកីឡាយូដូ ដែលដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ ៕