(ប៊ែកឡាំង)៖ កីឡាករ Georges Mikautadze របស់ក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី បានកំពុងឈរទីកំពូលតារាងអ្នកស៊ុតបានច្រើនគ្រាប់ជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ដែលទើបបញ្ចប់វគ្គចែកពូលនាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះ។

ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិប Metz លេងក្នុងលីគលំដាប់ទី២ របស់បារាំង Ligue 2 រកបាន ៣គ្រាប់ ក្នុងចំណោម ៣ប្រកួតសន្សំពិន្ទុប្រចាំពូល F ចុងក្រោយគេ ដែលបានរួមចំណែកក្រុមក្មេងខ្ចីហ្ស៊កហ្ស៊ីនៅ Euro ជំនាន់ទី១៧ នេះឈានទៅកាន់វគ្គ ១៦ក្រុម ដោយត្រូវប៉ះក្រុមខ្លាំងគោជល់អេស្ប៉ាញថែមទៀតផង។

៣គ្រាប់នោះដែររបស់ Mikautadze គឺរកបានគ្រប់ការប្រកួតតែម្តងរបស់ហ្ស៊កហ្ស៊ី ពោលគឺរកបាន ១គ្រាប់ពេលហ្ស៊កហ្ស៊ី ចាញ់តួកគី ៣-១ នៅថ្ងៃបើកឆាកពូល F និងរកបានគ្រាប់ទី២ ទៀតក្នុងជំនួបស្មើ ១-១ ជាមួយសាធារណរដ្ឋឆេក និង ១គ្រាប់ចុងក្រោយ ក្នុងជ័យជម្នះ ២ទល់នឹង០ របស់ហ្ស៊កហ្ស៊ី ទៅលើក្រុមខ្លាំងព័រទុយហ្គាល់នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុ និងក្នុងប្រកួតទី៣៦ នៅពានអឺរ៉ុបនេះដែរ។

ចំណែកឯគូប្រជែងស្បែកជើងមាសនៅ Euro 2024 ជាមួយ Mikautadze មានដល់ទៅ ៥នាក់បំប៉ោងសំណាញ់ទីបាន ២គ្រាប់ដូចគ្នារួមមាន Niclas Fullkrug និង Jamal Musiala របស់អាល្លឺម៉ង់, Cody Gakpo របស់ហូឡង់, Ruzvan Marin របស់រ៉ូម៉ានី និង Ivan Schran របស់ស្លូវ៉ាគី ដ្បិតក្រុមរបស់ពួកគេ ក៏ឈានដល់វគ្គ ១៦ក្រុមដូចគ្នាផងដែរ៕