(ប៊ែកឡាំង)៖ ការប្រកួតប្រជែងសន្សំពិន្ទុតាមនីមួយៗពីពូល A ដល់ពូល F ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2024 នៅប្រទេសអាល្លឺម៉ង់បានបិទបញ្ចប់ជាស្ថាពរហើយនាយប់មិញនេះ ជាមួយនឹងការបំប៉ោងទីគ្នាសរុបដល់ទៅ ៩១គ្រាប់ ស្របពេលស្កុតឡេន ជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេផងដែរ។

វគ្គសន្សំពិន្ទដែលដំណើរការតាំងពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មកនោះ Euro 2024 លេងបាន ៣៦ប្រកួតមកហើយ ក្នុងចំណោម ៥១ប្រកួតសរុបទាំង ២៤ក្រុមចូលរួម នៅពេលម្ចាស់ផ្ទះអាល្លឺម៉ង់បំបាក់ក្រុមភ្ញៀវស្កុតឡេន ៥ទល់នឹង១ នៅថ្ងៃបើកឆាក និងជាជ័យជម្នះច្រើនគ្រាប់ជាងគេផងដែរ។

គួរកត់សម្គាល់ផងថា ក្នុងចំណោម ៩១គ្រាប់ចូលទីនោះដែរ ក្នុងនោះមាន ៧គ្រាប់ ជាការធ្វេសប្រហែសចូលទីខ្លួនឯង (own goal) និង ៧គ្រាប់ផ្សេងទៀត ជាគ្រាប់បាល់ពិន័យប៉េណាល់ទី (penalty)។

មួយវិញទៀត ទឹកក្រូចហូឡង់ ជាក្រុមលេខ៣ ល្អជាងគេ ក្នុងចំណោម ៤ក្រុមដែលត្រូវជ្រើសរើសទៅបំពេញបន្ថែមវគ្គ ១៦ក្រុមចេញពីពូល D គ្រាដែលហ្ស៊កហ្ស៊ី ក្រុមលេខ៣ ចេញពីពូល F, ស្លូវ៉ាគី ក្រុមលេខ៣ ចេញពីពូល E និងជម្រើសជាតិស្លូវេនី ជាក្រុមលេខ៣ ល្អចេញពីពូល C។ ក្នុងវគ្គសន្សំពិន្ទុដែលត្រូវលេង ៣ប្រកួត អេស្ប៉ាញ អតីតជើងឯក Euro ៣សម័យ ជាក្រុមដែលធ្វើបានល្អជាងគេ តាមរយៈឈ្នះ ១០០% មាន ៩ពិន្ទុពេញតែម្តង និងមិនរបូតសូម្បី ១គ្រាប់ និងស៊ុតបញ្ចូលទីគូប្រកួតបាន ៥គ្រាប់ទៀតផង។

ជាលទ្ធផលនៃការប្រកួតសម្រាប់វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តទៅរួមមានអេស្ប៉ាញ ប៉ះហ្ស៊កហ្ស៊ី, អាល្លឺម៉ង់ ជួបដាណឺម៉ាក, ព័រទុយហ្គាល់ ប៉ះស្លូវេនី, បារាំង ជួបប៊ែលហ្សិក, រ៉ូម៉ានី ប៉ះហូឡង់, អូទ្រីស ជួបតួកគី, អង់គ្លេស ប៉ះស្លូវ៉ាគី និងស្វីស ជួបក្រុមការពារជើងឯកអ៊ីតាលី៕