(សៀមរាប)៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២របស់ប្រាសាទអង្គរវត្ត ដើម្បីពង្រឹងសុវត្ថិភាពសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើងចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់។

ការជណ្តើរឈើទាំងនេះរងការខូចខាតដោយសារអាកាសធាតុ និងអាយុកាល។ ក្រុមការងារផ្លាស់ប្ដូរផ្នែកដែលខូចខាត ជួសជុលពង្រឹងឱ្យរឹងមាំឡើងវិញ ដោយប្តូរកូនគីង្គក់ និងមេក្រោមរបស់កាំជណ្តើរដែលពុកមួយចំនួន។ ការថែទាំជាប្រចាំនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាពភ្ញៀវទេសចរឡើងចុះ ឆ្លងកាត់ទៅទស្សនារួតបាកាន្តរាប់រយនាក់ជារៀងរាល់ថ្ងៃ៕