(សៀមរាប)៖ ក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាប្រមាណជិត៣០នាក់ កំពុងមមាញឹកកាត់សម្អាតស្មៅ និងរុក្ខជាតិតូចៗនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីរក្សាឱ្យបានសោភ័ណភាពស្រស់ស្អាតគ្រប់ពេលវេលា។ ការសម្អាតនោះទៀតសោត គឺត្រូវប្រើប្រាស់ឧបករណ៍សម្អាតទៅតាមស្ថានភាពដី ទីតាំង និងស្មៅ ឬរុក្ខជាតិទាំងនោះ ដើម្បីឱ្យការសម្អាតមានប្រសិទ្ធភាព។

បើទោះបីមានការសម្អាតជាប្រចាំ ក៏មានឃើញការទុកដាក់សំរាមមិនបានត្រឹមត្រូវនៅឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់សារធារណជន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មេត្តាចូលរួមថែរក្សាបរិស្ថាន និងអនាម័យល្អនៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ចៀសវាងការដើរជាន់ស្មៅនៅកន្លែងហាមឃាត់ ចោលសំរាមពាសវាលពាសកាលដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ល្អ និងការខិតខំរបស់អាជ្ញាធរជាតិអប្សរា៕