(ភ្នំពេញ)៖ ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជា លក្ខណៈបើកទូលាយ លើកទី១ (Cambodia Open Para Bowling Championships) ឆ្នាំ២០២៤ នៅកម្ពុជាបានបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង។ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានចាត់ទុកសមិទ្ធផលនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកវ័យក្មេងកម្ពុជា។

លោកថា ការប្រកួតលក្ខណៈអន្ដរជាតិនេះ កម្ពុជាបានរៀបចំផែនការរយៈពេល ២ឆ្នាំមកហើយ រហូតមានការគាំទ្រពីសហព័ន្ធប៊ូលីងអន្ដរជាតិ និងដៃគូឧបត្ថម្ភក្នុងស្រុក ទើបជំរុញឲ្យសហព័ន្ធកីឡាប៊ូលីងកម្ពុជា ក្រោមកិច្ចសហការជាមួយ NPCC រៀបចំការប្រកួតលក្ខណៈបើកទូលាយនេះឡើង ដើម្បីផ្ដល់ឱកាសដល់អត្តពលិកជនពិការ ទាំងក្នុង និងក្រៅតំបន់បានចូលរួមប្រកួតនៅកម្ពុជា។ អ្វីដែលពិសេស ការប្រកួតនេះ ក៏ទទួលបានការអបអរសាទរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង។

លោក យី វាសនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទាំងការទទួលបដិសណ្ឋារកិច្ច និងការរៀបចំការប្រកួតអន្ដរជាតិលើកដំបូងនេះ ដោយបានផ្ដល់នូវភាពកក់ក្ដៅ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន ទាំងកំឡុងពេលប្រកួត និងក្រោយការប្រកួត សម្រាប់ប្រតិភូ និងអត្តពលិកចូលរួមទាំងអស់។ នេះជាកិច្ចការដ៏សំខាន់ និងជាកិត្តិយសរបស់ប្រទេសជាតិ។ អ្វីដែលសំខាន់មួយទៀត គឺប្រតិភូទាំងអស់ នឹងផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលមានសុខសន្តិភាព ដោយអាចរៀបចំការប្រកួតកីឡាបានដោយក្តីសប្បាយរីករាយ និងស្តង់ដាអន្តរជាតិ។

លើសពីនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អត្តពលិកប៉ារ៉ាប៊ូលីងកម្ពុជា ទាំង ៨រូប ទោះបីទើបប្រមូលផ្ដុំហ្វឹកហាត់រយៈពេលខ្លី និងខ្វះបទពិសោធន៍ប្រកួតអន្ដរជាតិក្ដី តែបានព្យាយាម រហូតសម្រេចបានលទ្ធផលល្អប្រសើរមួយជូនជាតិ។ លោកបានជំរុញ និងលើកទឹកចិត្តដល់សហព័ន្ធ ពិសេសកីឡាករ-កីឡាការិនីផ្ទាល់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដុសខាត់សមត្ថភាពបន្ថែមត្រៀមការប្រកួតអន្ដរជាតិនានា នៅថ្ងៃខាងមុខ។

«ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសំរឹទ្ធ ២គ្រឿង ដែលជាសញ្ញាណដ៏ល្អមួយ ក្នុងការសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយប្រាក់ និងមាស។ អ្វីជាចំណុចវិជ្ជមាននោះ គឺកីឡាករ កីឡាការិនីពិការកម្ពុជាលើប្រភេទកីឡាប៊ូលីងនេះនៅវ័យក្មេងហើយនឹងបន្តការបណ្តុះបណ្តាលបន្ថែម។ ប្រសិនបើម្ចាស់ផ្ទះថៃ រៀបចំឱ្យមានប្រភេទកីឡាប៉ារ៉ាប៊ូលីង ក្នុងអាស៊ានប៉ារ៉ាហ្គេម នាខែមករា ឆ្នាំ២០២៦ នោះកម្ពុជាយើងមានបេក្ខភាពអត្តពលិកស្រាប់»។ លោក យី វាសនា បន្ថែម។

លោក Leon Lim ប្រធានគណៈកម្មការរៀបចំ និងជាអនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាក៏បានឲ្យដឹងថា ការប្រកួតនេះ គឺមានអត្តពលិកចូលរួមសរុប ១៤២នាក់ មកពី ១០ប្រទេស រួមមានថៃ ចិន ហុងកុង ជប៉ុន កូរ៉េ ឥណ្ឌា ម៉ាឡេស៊ី សាធារណរដ្ឋឆេក ហ្វីលីនពីន និងម្ចាស់ផ្ទះកម្ពុជា។ ឆ្លៀតកាត់ការប្រកួតនេះ នាំឲ្យសហព័ន្ធបានរឹតចំណងមិត្តភាពអន្ដរជាតិជាច្រើន ដើម្បីឆ្ពោះទៅរកកិច្ចសហការ និងជំរុញការអភិវឌ្ឍវិស័យកីឡាប៊ូលីងកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕