(កំពង់ធំ)៖ ការប្រកួតកីឡាកម្មករនិយោជិតសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ឆ្នាំ២០២៤ បានរៀបចំពិធីបិទជាផ្លូវការថ្ងៃទី២៦ ខែមិថុនា ក្រោមអធិបតីភាពលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ នៅក្រុមហ៊ុនចម្ការកៅស៊ូ ស៊ីអស៊ីខេ២ និងបៀកហៀក ដែលមានទីតាំងស្ថិតក្នុងឃុំពពក ស្រុកស្ទោង  និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក។

ភាគីសម្ព័ន្ធកៅស៊ូវៀតណាម មានលោក ហ្វីញ គីមញឹត (Huynh Kim Nhut) អគ្គនាយករង ជាប្រធានសហជីពកៅស៊ូវៀតណាម និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡា លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានការិយាល័យតំណាង សម្ព័ន្ធកៅស៊ូវៀតណាមប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនចម្ការកៅស៊ូជាសមាជិកដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។  

លោក ហ្វីញ គីមញឹត បានលើកឡើងថា ការប្រកួតកីឡាកម្មករនិយោជិតសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្ដង។ នៅបណ្ដាឆ្នាំមុនៗការប្រកួតបែបនេះរៀបចំឡើងនៅប្រទេសវៀតណាម ហើយឆ្នាំនេះជាលើកដំបូង ដែលរៀបចំនៅប្រទេសកម្ពុជា ហើយបានជ្រើសរើសយកក្រុមហ៊ុនស៊ីអស៊ីខេ២ និងបៀនហៀក ក្នុងខេត្តកំពង់ធំ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ 

លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះត្រូវបានរៀបចំឡើងស្របពេលខួបអនុស្សាវរីយ៍លើកទី៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤)។

លោកបន្តថា ការប្រកួតកីឡាកម្មករនិយោជិតសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមឆ្នាំ២០២៤ បានចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលមានកីឡាករកីឡាការិនីប្រមាណ ៤៨០នាក់ ក្នុងនោះកីឡាករកីឡាការិនីជាកម្មករ និយោជិតខ្មែរមានចំនួន ២៨៥នាក់  មកពីក្រុមហ៊ុនកៅស៊ូចំនួន ១៤ក្រុមហ៊ុន ជាសមាជិករបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។ ការប្រកួតមានចំនួន ៦វិញ្ញាសា៖ បាល់ទាត់ បាល់ទះ វាយសី វាយកូនបាល់ (តិននីស) ប៉េតង់ និងទាញព្រ័ត្រ។

លោក ជា វ៉ាន់ចាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រកួត ក្រុមហ៊ុនម្ចាស់ផ្ទះ និងបណ្ដាក្រុមហ៊ុនទាំងអស់ ដែលបានធ្វើឲ្យការប្រកួតនេះបិទបញ្ចាប់ដោយជោគជ័យ និងប្រកបដោយអត្ថន័យ។

លោកបានផ្ដាំផ្ញើ និងណែនាំឲ្យបណ្ដាក្រុមហ៊ុនកៅស៊ូទាំងអស់បន្ដសកម្មភាពបែបនេះឲ្យបានផុសផុលបន្ថែមទៀតដើម្បីជាឱកាសឲ្យបងប្អូនកម្មករនិយោជិតបានបង្ហាញសមត្ថភាព ការប្រាស្រ័យទាក់ទងគ្នា ពង្រឹងសាមគ្គីភាព និងមិត្តភាព។ ព្រមជាមួយគ្នានេះបណ្ដាក្រុមហ៊ុនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឲ្យកាន់តែល្អប្រសើរ៕