(ម៉ាទ្រីដ)៖ ខ្សែការពារអេស្ប៉ាញ Nacho បានក្លាយជាកីឡាករមានឈ្មោះល្បីចុងក្រោយគេ ក្នុងបាល់ទាត់អឺរ៉ុប ដែលផ្លាស់ទៅលេងនៅលីគអារ៉ាប៊ីសាអូឌីត Saudi Pro League ដោយបានចូលរួមជាមួយក្លិបដែលទើបឡើងមកលេងថ្មី Al-Qadsiah បន្ទាប់ពីលេង ២៣ឆ្នាំនៅក្លិប Real Madrid។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២៤។

ក្លិប Al-Qadsiah ដែលបានឈ្នះពានរង្វាន់លីគ Saudi First Division League ក្នុងរដូវកាល២០២៣-២០២៤ ហើយឡើងទៅលេងនៅលីគកំពូលនោះ បានប្រកាសពីការចុះកិច្ចសន្យារបស់កីឡាករ Nacho នៅថ្ងៃព្រហស្បតិ៍។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយ Real ក្នុងឆ្នាំ២០០១​ ក្នុងនាមជាកីឡាករយុវជន និងបានបង្ហាញខ្លួនលើកដំបូង ក្នុងក្រុមឈុតធំរបស់ក្លិបក្នុងឆ្នាំ២០១១។ លោកបានឈ្នះពានរង្វាន់ UEFA Champions League ជាមួយ Real Madrid ព្រមទាំងពានរង្វាន់ La Liga ៤លើក និងពានរង្វាន់ Copa del Rey ចំនួន ២លើក។

សូមជម្រាបថា Nacho នឹងចូលរួមជាមួយក្លិបថ្មីរបស់លោក បន្ទាប់ពីចប់យុទ្ធនាការ Euro 2024 របស់អេស្ប៉ាញ៕