(បរទេស)៖ យោងតាមរបាយការណ៍របស់ Livemint បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌានឹងកំណត់ការប្រើប្រាស់រន្ធសាកថ្ម USB-C នៅលើសា្មតហ្វូន និងកុំព្យូទ័រយួដៃថ្មីទាំងអស់ដែលបានដាក់លក់ក្នុងប្រទេសត្រឹមឆ្នាំ២០២៦។ ប្រភពបានបញ្ជាក់ថា ចំពោះក្រុមហ៊ុនផលិតស្មាតហ្វូនតម្រូវឱ្យចាប់ផ្តើមអនុវត្តនៅខែមិថុនា ឆ្នាំ២០២៥ ខណៈដែលក្រុមហ៊ុនផលិតកុំព្យូរទ័រយួរដៃត្រូវតែមានរន្ធសាកថ្ម USB-C នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការធ្វើឱ្យរន្ធសាកថ្ម USB-C ជាកាតព្វកិច្ច កើតឡើងភ្លាមៗបន្ទាប់ពីការអនុវត្តន៍ច្បាប់របស់ EU ចូលជាធរមាន។ រដ្ឋាភិបាលឥណ្ឌា មានគោលបំណងកាត់បន្ថយកាកសំណល់អេឡិចត្រូនិច ដោយសារឧបករណ៍ទាំងអស់នឹងដំណើរការជាមួយខ្សែសាកដូចគ្នា ហើយអាចធ្វើឲ្យអ្វីៗមិនស្មុគស្មាញសម្រាប់អ្នកប្រើប្រាស់។ ចុងក្រោយនេះ វានឹងកាត់បន្ថយការចំណាយផងដែរ ដោយសារអ្នកផលិតមិនចាំបាច់ផលិតឆ្នាំងសាក និងខ្សែផ្សេងៗ។

គួរជម្រាបថា ច្បាប់ថ្មីនេះនឹងចាប់យកទីផ្សារកាន់តែទូលំទូលាយ មិនត្រឹមតែកំណត់នៅលើស្មាតហ្វូន និងថេប្លេត Android និង iOS ប៉ុណ្ណោះទេ ប៉ុន្តែមានសម្រាប់ឧបករណ៍ Windows និង Mac ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះមិនអនុវត្តចំពោះគ្រឿងសម្ភារៈតូចៗដូចជា ខ្សែដៃហាត់ប្រាណ នាឡិកាឆ្លាតវៃ កាស ហើយវាក៏មិនអនុវត្តចំពោះឧបករណ៍បំពងសម្លេងផងដែរ៕