(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U16 ប្រ៊ុយណេ បញ្ចប់វគ្គសន្សំពិន្ទុពូលB នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នាម៉ោង ៣រសៀលថ្ងៃទី២៨ ខែមិថុនានេះ នៅកីឡដ្ឋាន Sriwedari ប្រទេសឥណ្ឌូនេស៊ី ។

ការប្រកួតរសៀលនេះ នឹងអាចកំណត់ជោគវាសនារបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់នេះ ដោយមានលក្ខខណ្ឌមួយចំនួន ដែលក្រុមយុវជន U16 កម្ពុជា នឹងមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) តែក៏មានលក្ខខណ្ឌមួយចំនួន កម្ពុជាត្រូវរងចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលC នាថ្ងៃស្អែកផងដែរ ។

បច្ចុប្បន្នក្រុម U16 កម្ពុជា ឈរលេខ២ ក្នុងពូលB ដោយមាន ៤ពិន្ទុស្មើក្រុមកំពូលតារាងវៀតណាម និងសល់ ១ប្រកួតក្នុងដៃដូចគ្នា ដែលត្រូវប្រកួតបញ្ចប់ពូលដំណាលគ្នា នារសៀលថ្ងៃសុក្រនេះ ដោយវៀតណាម ត្រូវជួបក្រុមយុវជនមីយ៉ាន់ម៉ា ។ រីឯពូលA បានបញ្ចប់ការប្រកួតជាស្ថាពរ ដោយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានកក់កៅអីវគ្គ ១/២ ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា គ្រាដែលក្រុម U16 ឡាវ ឈរលេខ២ មាន ៦ពិន្ទុ និងមានផលសងគ្រាប់បាល់ (-១គ្រាប់) ។

ដោយឡែកពូលC ក៏មិនខុសពីពូល B ដែរ ដោយក្រុមលេខ១ ថៃ និងក្រុមលេខ២ អូស្ដ្រាលី រកបាន ៤ពិន្ទុស្មើគ្នា និងសល់ ១ប្រកួតក្នុងដៃដូចគ្នា ដោយក្រុមយុវជន U16 ថៃ ត្រូវជួបម៉ាឡេស៊ី និងយុវជនអូស្ដ្រាលី ត្រូវជួបទីម័រខាងកើត នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ស្អែក ។ បច្ចុប្បន្នក្រុមតារាងក្រុមលេខ២ ល្អជាងគេ កម្ពុជា ឈរលេខ៣ មាន ៤ពិន្ទុ និងគ្រាប់ចំណេញ ១គ្រាប់ ចាញ់ប្រៀបអូស្ដ្រាលី ឈរលេខ២ មាន ៤ពិន្ទុ តែមានគ្រាប់ចំណេញ ២គ្រាប់ បន្ទាប់ពីឡាវ ដែលឈរកំពូលតារាងមាន ៦ពិន្ទុ ។

ផ្អែកលើលទ្ធផលការប្រកួតបណ្ដោះអាសន្នពេលនេះ កម្ពុជា អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន លុះត្រា៖

១- កម្ពុជា ឈ្នះប្រ៊ុយណេ ហើយវៀតណាម ស្មើ ឬចាញ់មីយ៉ាន់ម៉ា ។ ការណ៍នេះ កម្ពុជា នឹងឡើងឈរកំពូលតារាងពូលB ដើម្បីទទួលបានកៅអីវគ្គបន្ដ ដោយស្វ័យប្រវត្តិ ។
២- បើសិនវៀតណាម ឈ្នះមីយ៉ាន់ម៉ា កម្ពុជាក៏អាចឡើងឈរកំពូលតារាងបានដែរ ប្រសិនបើកម្ពុជា អាចយកឈ្នះប្រ៊ុយណេ លើសពី ១៥គ្រាប់ (អាចប្រែប្រួលទៅតាមគ្រាប់បាល់ជ័យជម្នះវៀតណាម លើមីយ៉ាន់ម៉ា) ។
៣- ករណីបើវៀតណាម ឈ្នះមីយ៉ាន់ម៉ា ហើយកម្ពុជា ឈ្នះប្រ៊ុយណេ តិចគ្រាប់វិញ នោះកម្ពុជា មាន ៧ពិន្ទុ ហើយត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលC របស់ក្រុម U16 ថៃ និងក្រុម U16 អូស្ដ្រាលី ដើម្បីកំណត់ក្រុមលេខ២ ល្អជាងគេ ១ក្រុមឡើងទៅបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ប៉ុន្ដែបើសិនការប្រកួតបញ្ចប់ពូល B ថ្ងៃនេះ ចាញ់ប្រ៊ុយណេវិញ កម្ពុជា នឹងបាត់បង់ឱកាសឡើងវគ្គបន្ដតែម្ដង ។

គួរដឹងថា ពានរង្វាន់ ASEAN U16 Boy’s Championship 2024 ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី គឺមាន ១២ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងមួយពូលមាន ៤ក្រុម ។ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុ ក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

សម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ធ្លាប់បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ដងប៉ុណ្ណោះ កាលពីឆ្នាំ២០១៦ គ្រាដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយជាលទ្ធផលក្រុមយុវជនអូស្ដ្រាលី បានគ្រងជើងឯក, វៀតណាម គ្រងជើងឯករង, ថៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៤ ៕