(ភ្នំពេញ)៖ ក្រុមហ៊ុន ជេធី អ៉ិនធើណេសិនណល (ខេមបូឌា) ឯ.ក (ហៅថា JTI/ជេធីអាយ) ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេ រួមជាមួយនិងក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន JTI ចូលរួមសហការជាមួយក្រសួងបរិស្ថាន កាន់តែសកម្មក្នុងការអភិរក្សបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសដ៏ពិសេសនេះផងដែរ ក្រុមហ៊ុន JTI ក៏បាននាំមកនូវត្រីចក្រយានយន្តចំនួន ៣៣គ្រឿង ប្រគល់ជូនក្រសួងបរិស្ថាន ដើម្បីចូលរួមគាំទ្រសកម្មភាពប្រមូលសម្អាតសំរាម សំដៅឱ្យកម្ពុជាមានភាពស្អាត និងស្រស់បំព្រង។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២0២៤ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រុមហ៊ុន អង្គការជាតិ និងអន្តរជាតិដែលជាដៃគូរបស់ក្រុមហ៊ុន JTI។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន JTI លើនិរន្តរភាពបរិស្ថាន និងទំនួលខុសត្រូវសាជីវកម្ម ស្របតាមគុណតម្លៃ និងគោលការណ៍ស្នូលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនតែងតែស្វះស្វែងលើកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរ ជាពិសេសលើបរិស្ថាន និងសេដ្ឋកិច្ចសង្គមព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI បានបង្ហាញឱ្យកាន់តែច្បាស់អំពីការចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

លោក រ៉យ ម៉ាណាលីលី (Roy MANALILI) អគ្គនាយកក្រុមហ៊ុន JTI បានថ្លែងថា៖ «យើងមានកិត្តិយសយ៉ាងក្រៃលែងក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន ហើយអនុស្សរណៈយោគយល់គ្នានេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការការពារថែរក្សាបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ វាក៏ស្របតាមគោលបំណងរបស់ក្រុមហ៊ុន JTI ផងដែរ ដែលក្រុមហ៊ុនអាចចូលរួមលើកស្ទួយសង្គម និងបរិស្ថានហើយបង្កើតពេលវេលាដ៏ពេញចិត្តសម្រាប់ ប្រជាពលរដ្ឋ និងសហគមន៍ និងខិតខំឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរសម្រាប់ព្រះរាជាណាចក្រកម្ពុជា»

ការអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌ និងការចូលរួមចំណែកសេដ្ឋកិច្ចដ៏សំខាន់ៗរបស់ក្រុមហ៊ុន JTI ជួយឱ្យក្រុមហ៊ុនទទួលបានពានរង្វាន់សំខាន់ដូចជា អនុលោមភាពសារពើពន្ធប្រភេទមាសសម្រាប់ឆ្នាំ២០២២, ២០២៣, ២០២៤ និង២០២៤ ដោយរាជរដ្ឋាភិបាលកម្ពុជា និងការទទួលស្គាល់ជាសហគ្រាសដែលបានបង់ ពន្ធច្រើនជាងគេមួយនៅឆ្នាំ២០២០ និង២០២២ ដោយអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។

ការផ្តោតការយកចិត្តទុកដាក់ជាចំបងលើសុខុមាលភាពរបស់និយោជិតដែលធ្វើឲ្យមានការទទួលស្គាល់ជា និយោជកឆ្នើម នៅប្រទេសកម្ពុជា រយៈពេលបួនឆ្នាំជាប់ៗគ្នា ដោយវិទ្យាស្ថានអន្តរជាតិ Top Employer សបញ្ជាក់បន្ថែមពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនលើទំនួលខុសត្រូវក្នុងសង្គម និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព៕