(ភ្នំពេញ)៖ បវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា កញ្ញា លី មួយលាង «Miss Teen Cambodia» បានធ្វើដំណើរចេញទៅប្រកួតនៅប្រទេសឥណ្ឌាហើយ ដោយបាននាំយកឈុត «មយូរ៉ា» ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Miss Teen International» នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដែលមានបេក្ខនារីមកពីបណ្ដាប្រទេសនានារហូតដល់ទៅជាង ៤០ប្រទេស ជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងសម្រស់ប្រចាំដ៏ធំលំដាប់អន្តរជាតិមួយនេះ។

មុនចេញទៅប្រកួតនៅក្នុងប្រទេសឥណ្ឌា ក្នុងព្រឹត្តិការណ៍ «Miss Teen International» កញ្ញា លី មួយលាង បានថ្លែងប្រាប់ឲ្យដឹងថា នាងបានត្រៀមខ្លួនរួចជាចស្រេច ដើម្បីនាំយកទង់ជាតិរបស់ប្រទេសកម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកស្គាល់ពីសមត្ថភាព និងភាពក្លាហានរបស់ស្ត្រីខ្មែរ បង្ហាញពីវប្បធម៌ និងអរីយធម៌របស់ខ្មែរ ហើយទោះបីជានាងមានវ័យនៅក្មេងពិតមែន នាងបានបង្ហាញចិត្តមោះមុតនៅក្នុងការប្រកួតប្រជែង។

«Miss Teen Cambodia» បានបញ្ជាក់ទៀតថា នាងនឹងនាំយកនូវវប្បធម៌ អរីយធម៌ និងវិស័យទេសចរណ៍របស់កម្ពុជា ទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីឲ្យបេក្ខភាពពីបណ្ដាប្រទេសនានា និងអន្តរជាតិបានស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលរបស់កម្ពុជា។ នាងបន្តថា សម្រាប់ឈុតតំណាងជាតិដែលនាងបានជ្រើសរើសយកទៅប្រកួតមានឈ្មោះថា «មយូរ៉ា» ដែលច្នៃឡើងយ៉ាងប្រណិតទាក់ទងនឹងសត្វមយូរ៉ា ដោយបានរំលេចនូវពណ៌ស្រស់ឆើតឆាយជាច្រើន។

កញ្ញា លី មួយលាង បានបញ្ជាក់ថា ចំណុចខ្លាំងរបស់នាង គឺភាពក្លាហាន ការតាំងចិត្តដោយភាពជឿជាក់លើខ្លួនឯង និងមិនងាយនឹងភ័យខ្លាច ដែលអាចឲ្យនាងយកឈ្នះលើបេក្ខភាពនានា។ ម្យ៉ាងវិញទៀត គឺការប្រាស្រ័យទាក់ទងគ្នាជាមួយនឹងបេក្ខនារីផ្សេងៗទៀត គឺនាងនឹងធ្វើឲ្យបានល្អប្រសើរ និងជិតស្និទ្ធបំផុត ដែលនាងគិតថា ពុំមានបញ្ហាលំបាកសម្រាប់រូបនាងឡើយ។

បេក្ខភាពតំណាងឲ្យកម្ពុជារូបនេះ បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ នាំយកនូវមោទនភាពជូនប្រទេសជាតិមកវិញ។ ជាមួយនឹងក្ដីសង្ឃឹមខ្ពស់នេះ នាងក៏ត្រូវការការគាំទ្រ និងផ្ដល់កម្លាំងចិត្តពីសំណាក់មហាជន និងបងប្អូនខ្មែរទូទាំងប្រទេស ជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញា ដើម្បីឲ្យនាងបន្តឈរលើស្មារតីដ៏រឹងមាំមួយ នៅលើឆាកអន្តរជាតិ ដែលមានសមត្ថភាពខ្លាំង មិនចាញ់បេក្ខនារីមកពីបណ្ដាប្រទេសនានាលើពិភពលោក៕