(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសពីការអាប់ដេតដ៏សំខាន់ចំពោះសេវាកម្មបកប្រែរបស់ខ្លួន ដោយបន្ថែមការគាំទ្រសម្រាប់ភាសាថ្មីចំនួន ១១០។ ការពង្រីកនេះត្រូវបានដំណើរការដោយគំរូភាសាAI គឺ PaLM 2 ។ ខណៈ Google អះអាងថា ការអាប់ដេតនេះនឹងបំបែករបាំងភាសាសម្រាប់ប្រជាជនប្រមាណ ៦១៤លាននាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ក្រោយការធ្វើបច្ចុប្បន្នភាពនេះបាននាំមកនូវភាសាដែលគាំទ្រសរុបដល់ទៅ ២៤៣ភាសាឯណោះ។ គំរូ PaLM 2 បានផ្តល់ឱ្យអ្នកប្រើប្រាស់អាចរៀនភាសាសម្រាប់ទាក់ទងគ្នាទៅវិញមកបានដូចជាភាសាហិណ្ឌូ «Awadhi និង Marwadi» និងភាសាបារាំង « Seychellois Creole និង Mauritian Creole» ដែលសុទ្ធសឹងតែជាភាសាពិបាកបំផុត។

ការអាប់ដេតថ្មីនេះក៏នាំមកនូវការគាំទ្រសម្រាប់ភាសា Cantonese ដែលយោងទៅតាម Google គឺជាភាសាមួយដែលត្រូវបានស្នើសុំច្រើនបំផុតពេញមួយឆ្នាំ។ ប៉ុន្តែភាសាកាតាំង គឺនៅមិនទាន់អាចបំបែកបាននោះទេ ព្រោះវាជាន់គ្នាជាមួយភាសាចិនកុកងឺ ហើយវាពិបាកក្នុងការស្វែងរកទិន្នន័យដើម្បីបណ្តុះបណ្តាលគំរូ AI ។

យ៉ាងណាមិញ Google បានគូសបញ្ជាក់បន្ថែមថា ប្រហែល ២៥ភាគរយនៃភាសាដែលបានបន្ថែមគឺមកពីទ្វីបអាហ្រ្វិករួមមាន Fon, Kikongo, Luo, Ga, Swati, Venda និង Wolof ដែលភាសានីមួយៗមានមនុស្សនិយាយយ៉ាងហោចណាស់មួយលាននាក់នៅទូទាំងពិភពលោក។ ដោយឡែកមាន ២ភាសាទៀតដូចជា Hindi និង Punjabi មានមនុស្សនិយាយរាប់រយលាននាក់ឯណោះនៅលើពិភពលោក៕