(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី «ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of PhD Dissertation)» ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ជំនាន់ទី១ ចំនួន៣រូប ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងវត្តមានរបស់លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ចូលរួមប្រមាណ ៦៥០នាក់។

លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះបេក្ខជនបណ្ឌិតទាំង៣រូប ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវ បានចប់រួចរាល់ ស្របតាមគោលការណ៍ របស់សាកលវិទ្យាល័យ “ទាំងការសិក្សា និងការស្រាវជ្រាវ គឺ មិនឱ្យលើសពី៥ឆ្នាំ”។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណសាស្ត្រាចារ្យណែនាំទាំងជាតិ-អន្តរជាតិ ដែលបានដឹកនាំកិច្ចការស្រាវជ្រាវនេះ តាំងពីដើមរហូតមក និងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យគឺ សាស្ត្រាចារ្យណែនាំ ១រូប អាចដឹកនាំបេក្ខជនបណ្ឌិត បានតែ២រូបប៉ុណ្ណោះ។

លោកបណ្ឌិត បានបន្ថែមទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំខ្ពស់ ក៏ដូចជាការការពារនិក្ខេបបទនេះ ទទួលបានជោគជ័យ សាកលវិទ្យាល័យបានអញ្ជើញសាស្រ្តាចារ្យបណ្ឌិតជាតិ-អន្តរជាតិ ចំនួន ៩រូប ជាគណៈកម្មការវាយតម្លៃការ ការពារបញ្ចប់នាពេលនេះ។

លោកបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតជាប់ជាស្ថាពរ និស្សិតទាំងអស់ត្រូវ៖

១-សិក្សា ១២មុខវិជ្ជា (12 Subjects) ស្មើនឹង ៣៦ក្រេឌីត
២-ស្នើសុំការឯកភាព លើសាស្ត្រាចារ្យណែនាំ (Supervisor)
៣-ស្នើសុំការឯកភាព លើប្រធានបទស្រាវជ្រាវ (Research Topic)
៤-រៀបចំ និងការពារគម្រោងស្រាវជ្រាវ (Proposal Defense)
៥-ត្រូវបង្ហាញ និងការពារអំពីការរីកចម្រើន នៃការស្រាវជ្រាវ (Progressive Defense)
៦-ត្រូវបោះពុម្ពអត្ថបទស្រាវជ្រាវ (Jounal Publiction)
៧-ត្រូវសរសេរនិក្ខេបបទឱ្យបានយ៉ាងតិច ៥០,០០០(ប្រាំម៉ឺន) ពាក្យឡើងទៅ និងការពារបញ្ចប់ដោយជោគជ័យ
(Final Defense of PhD Dissertation)
៨-ជាចុងក្រោយ ត្រូវបោះពុម្ពស្នាដៃស្រាវជ្រាវ (Dissertation Publication) របស់ខ្លួន ។

ជាទីបញ្ចប់ លោកបណ្ឌិតបានអបអរសាទរ និងប្រកាសអំពីលទ្ធផលជាប់ជាផ្លូវការ លើការវាយតម្លៃការ ការពារបញ្ចប់ថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ទាំង៣រូប ព្រមទាំងបានផ្តល់កិត្តិយសបំពាក់ Graduation Gown ទទួលស្គាល់បណ្ឌិតទាំង៣រូប ដែលបានជាប់ជាស្ថាពរ ចាប់ពីពេលនេះតទៅផងដែរ។

សូមជម្រាបជូនថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំខ្ពស់ ក៏ដូចជាការការពារនិក្ខេបបទនេះ ទទួលបានជោគជ័យ សាកលវិទ្យាល័យ បានអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការវាយតម្លៃការការពារបញ្ចប់ផ្សេងទៀត ដើម្បីចូលរួមវាយតម្លៃ និងផ្តល់មតិយោបល់ក្នុងនោះរួមមាន៖ លោកបណ្ឌិត ហេង គ្រេង ប្រធាននាយកដ្ឋាន ស្រាវជ្រាវវិទ្យាសាស្រ្ដ នៃអគ្គនាយកដ្ឋាន ឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាគណៈកម្មការវាយតម្លៃ និងគណៈកម្មការជាតិ-អន្តរជាតិ ៨រូប ផ្សេងទៀត។

បេក្ខជនបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ទាំង៣រូបរួមមាន៖

-ទី១ បេក្ខជនបណ្ឌិត សោម មុនី ៖ ប្រធានបទ “តួនាទីនៃការអភិវឌ្ឍភាព ជាអ្នកដឹកនាំក្នុងការអនុវត្តការងារ ករណីសិក្សា ៖ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា”
-ទី២ បេក្ខជនបណ្ឌិត អ៊ុន ណយ​ ៖ ប្រធានបទ “កត្តាដែលជះឥទ្ធិពលលើការពេញចិត្ត របស់អ្នកប្រើប្រាស់ និងចេតនាបន្តប្រើប្រាស់កម្មវិធីទូរស័ព្ទ ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យម្ហូបអាហារ នៅរាជធានីភ្នំពេញ”
-ទី៣ បេក្ខជនបណ្ឌិត ខាត់ បូរ៉ា ៖ ប្រធានបទ “ឥទ្ធិពលនៃរចនាបទភាពជាអ្នកដឹកនាំលើការ បំពេញការងាររបស់បុគ្គលិក ករណីសិក្សា៖ វិស័យអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា”៕