(បរទេស)៖ «ការផ្លាស់ប្តូរទំនោរទៅចាប់យកបញ្ញាសិប្បនិម្មិត AI គឺមិនមានតម្លៃទេ លុះត្រាតែទិន្នន័យអ្នកប្រើប្រាស់ ត្រូវបានការពារ»។ នេះជាការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនស្មាតហ្វូនចិន Honor លោក George Zhao បានប្រាប់ CNBC នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ជាក់ស្តែងទៅ បើនិយាយពីស្មាតហ្វូនរបស់ Honor ត្រូវបានគេដឹងថា មានការរួមបញ្ចូលមុខងារ AI មួយចំនួនរួចជាស្រេច ដូចជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើកសារអត្ថបទ និងការជូនដំណឹងផ្សេងទៀតជាដើម។ នៅសប្តាហ៍នេះ នៅឯកម្មវិធី «Mobile World» ក្នុងទីក្រុងសៀងហៃ ក្រុមហ៊ុន Honor បានបង្ហាញឧបករណ៍ AI ថ្មីសម្រាប់ការរកឃើញការប្រើប្រាស់ការក្លែងនៅក្នុងវីដេអូ និងមុខងារពិសេសមួយចំនួនទៀត។

លោក Zhao បានសង្កត់ធ្ងន់ថា វិធីសាស្រ្តរបស់ Honor គឺរក្សាប្រតិបត្តិការ AI ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួន ដែលកំណត់ចំពោះស្មាតហ្វូន។ វាត្រូវបានគេស្គាល់ផងដែរថា ជា AI នៅលើឧបករណ៍ ហើយមានភាពផ្ទុយគ្នាជាមួយនឹងឧបករណ៍ AI ដែលប្រើ cloud computing ដើម្បីដំណើរការ។ លោក Zhao បាននិយាយជាភាសាចិនកុកងឺ ដែលបកប្រែដោយ CNBC ថា «បើគ្មានសុវត្ថិភាពទិន្នន័យ និងការការពារឯកជនភាពរបស់អ្នកប្រើទេ AI នឹងក្លាយទៅជាគ្មានតម្លៃ»។ លោក Zhao បានបន្ថែមថា «ទិន្នន័យអ្នកប្រើប្រាស់មិនចាកចេញពីឧបករណ៍ទេ នេះ​ជា​គោលការណ៍​ដែល​យើង​ប្រកាន់​ខ្ជាប់»

គួរជម្រាបថា ការលើកឡើងរបស់ លោក George Zhao នៅពេលនេះ គឺបន្ទាប់ពីក្រុមហ៊ុនយក្ស Apple ក្នុងខែនេះ បានប្រកាសថាខ្លួននឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នៅលើឧបករណ៍មួយចំនួនរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកក្នុងរដូវស្លឹកឈើជ្រុះនេះ ដែលសំដៅទៅលើទូរស័ព្ទ iPhone 16៕