(ប៊ែកឡាំង)៖ អាសូរីអ៊ីតាលី ធ្លាប់លេងចាញ់គូប្រជែងស្វីសតែ ៧លើកប៉ុណ្ណោះដោយផ្អែកលើប្រវត្តិធ្លាប់ពើបប្រទះគ្នាសរុប មានដល់ទៅ ៦០លើកឯណោះ គិតចាប់តាំងពីឆ្នាំ១៩១១ នៅមុនការជួបគ្នាជាថ្មីរាត្រីនេះនៅពានអឺរ៉ុប Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

គិតពីឆ្នាំ១៩១១ ដល់ឆ្នាំ២០២១ ក្រុមទាំងពីរធ្លាប់បានជួបគ្នាសរុប ៦០លើក ពោលគឺអ៊ីតាលីឈ្នះ ២៩ដង ស្មើ ២៤ដង និងចាញ់តែ ៧ដងតែប៉ុណ្ណោះ គ្រាដែលជួបគ្នា ២លើកចុងក្រោយលេងវគ្គជម្រុះក្នុងព្រឹត្តិការណ៍ធំ World Cup នាឆ្នាំ២០២១ បញ្ចប់ក្នុងលទ្ធផលស្មើគ្នាទាំង ២លើកតែម្តងរួមមាន ០-០ និង ១-១។

ជាសង្ខេបតាមរយៈការដកស្រង់ចេញផ្សាយពីគេហទំព័រស្ថិតិ 11v11.com ឃើញថា ក្រុមសញ្ញាលេខបូកស្វីស តែងតែធ្វើបានល្អរាល់ពេលជួបអ៊ីតាលីនៅព្រឹត្តិការណ៍ World Cup ស្របពេលអ៊ីតាលី អតីតជើងឯក Euro ២សម័យកាលវិញ តែងតែធ្វើបានល្អទៅលើស្វីស ក្នុងពានអឺរ៉ុប European Championship នេះ។

អ៊ីតាលី អតីតជើងឯក World Cup ៤សម័យ និងជាក្រុមដែលខកខានពានកម្រិតពិភពលោក ២សម័យកាលចុងក្រោយនេះ ជាក្រុមលេខ២ ចេញពីពូល B តាមរយៈលេង ៣ប្រកួត ឈ្នះ១ ចាញ់១ និងស្មើ១ មាន ៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងលេងមិនចាញ់គោជល់អេស្ប៉ាញ។ ៣ប្រកួតនៅ Euro លើកទី១៧ នេះដែរ ពួកគេបានបំប៉ោងសំណាញ់ទីគូប្រកួតបាន ៣គ្រាប់ និងរបូតវិញ ៣គ្រាប់ដូចគ្នា។

រីឯស្វីស ក្រុមលេខ២ ចេញពីពូល A ដំបូងគេវិញ ជាក្រុមលេងមិនចាញ់ឡើយក្នុងចំណោម ៣ប្រកួត ដោយឈ្នះ១ និងស្មើ២ដង មាន ៥ពិន្ទុចាញ់ប្រៀបម្ចាស់ផ្ទះអាល្លឺម៉ង់ ២ពិន្ទុដែលឈរកំពូលតារាង។ ស្វីសស៊ុតបញ្ចូលទីគេបាន ៥គ្រាប់ និងរបូតវិញ ៣គ្រាប់ នៅសល់គ្រាប់ចំណេញក្នុងដៃ ២គ្រាប់ទៀតផង ក្នុងនាមជាក្រុមមិនធ្លាប់ឈ្នះពាន Euro រួមទាំងរងជើងឯកផងដែរ៕