(ហេមប៊ឺក)៖ ខ្សែការពារក្រុមជម្រើសជាតិស្លូវេនី Erik Janza បានស៊ុតបាល់បញ្ចូលទីខ្លាំងជាងគេបំផុត ក្នុងព្រឹត្តិការណ៍ Euro 2024 គិតមកទល់ពេលនេះ ជាមួយនឹងល្បឿន ១២៨.៧៦គីឡូម៉ែត្រ ក្នុង ១ម៉ោង ស្របពេលខ្សែបម្រើដាណឺម៉ាក Morten Hjulmand បានរកគ្រាប់បាល់ចម្ងាយឆ្ងាយជាងគេបំផុត ២៨ម៉ែត្រ។ នេះបើតាមអ្នកវិភាគវគ្គសន្សំពិន្ទុក្នុងពូល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

គ្រាប់បាល់របស់ Janza បានកើតឡើងក្នុងការប្រកួតលទ្ធផលស្មើ ១-១​ ទល់នឹងដាណឺម៉ាក ហើយគ្រាប់បាល់របស់​ Hjulmand រកបានក្នុងការប្រកួតលទ្ធផលស្មើដូចគ្នា ជាមួយនឹងអង់គ្លេស បានជួយឱ្យក្រុមជម្រើសជាតិរបស់ពួកគេ ឡើងបន្តទៅវគ្គ ១៦ក្រុមដូចគ្នា។

ទិន្នន័យទាំងនេះ ត្រូវបានធ្វើឡើង ដោយបច្ចេកវិទ្យាដែលបង្កើតឡើងសម្រាប់ព្រឹត្តិការណ៍នេះ ដោយក្រុមហ៊ុន Adidas មានឈ្មោះថា «Fussballliebe»។

វគ្គជម្រុះក្នុងពូលនៃព្រឹត្តិការណ៍ Euro 2024 ដែលមាន ៣៦ប្រកួតនោះ បានទាក់ទាញអ្នកចូលទស្សនា ១.៨លាននាក់ នៅទូទាំង ១០កីឡដ្ឋាន ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹង ១០០ភាគរយនៃសំបុត្រត្រូវបានចែកចាយតាមប្រព័ន្ធឌីជីថលជាលើកដំបូង។ នេះបើតាមការបញ្ជាក់ពី UEFA។
​ជាមួយគ្នានោះ តំបន់អ្នកគាំទ្រក្នុងទីក្រុងនៃប្រទេសអាល្លឺម៉ង់ បានទាក់ទាញមនុស្ស ៣.៣លាននាក់ នៅអំឡុងពេលនៃការប្រកួតជម្រុះក្នុងពូល ហើយអ្នកទស្សនាតាមទូរទស្សន៍ មានចំនួនយ៉ាងច្រើនលើសលប់៕