(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្វីស និងម្ចាស់ផ្ទះអាល្លឺម៉ង់ បានបន្តដំណើរឈានទៅវគ្គ ៨ក្រុមនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប ជំនាន់ទី១៧ Euro 2024 ជាបន្តទៀត គ្រាដែលដាណឺម៉ាក និងក្រុមការពារតំណែងជើងឯក អ៊ីតាលី ហាលអាវត្រឡប់ទៅផ្ទះវិញ។

១ប្រកួតបើកឆាកវគ្គ ១៦ក្រុមចុងក្រោយនាម៉ោង ១១យប់មិញ អ៊ីតាលី អតីតជើងឯក Euro 2020 បានលេងចាញ់ស្វីស ២ទល់នឹង០ ក្នុងនាមជាក្រុមលេខ២ ចេញពីក្នុងពូលដូចគ្នា ដែលបានធ្វើឡើងនៅកីឡដ្ឋានជាតិអាល្លឺម៉ង់ Olympiastadion ស្ថិតក្នុងទីក្រុង Berlin តែម្តង។

ក្នុងការប្រកួតវគ្គចាញ់-ធ្លាក់ ៩០នាទីពេញ អាសូរីអ៊ីតាលី លេងរហូតដល់នាទី៧៣ ទើបមានការស៊ុតចំគោលដៅ ក្រោយពេលក្រុមសញ្ញាលេខបូកស្វីស បានបើកការនាំមុខ ២គ្រាប់មុនទៅហើយនោះពីការធ្វើបានសម្រេចរបស់កីឡាករ Freuler នៅនាទី៣៧ និងមិត្តរួមក្រុម Vargas នៅនាទី៤៦ ដើមវគ្គទី២។

គួរបញ្ជាក់ផងថា នេះគឺជាលើកទី២ ផងដែរសម្រាប់ស្វីសដែលឈានដល់វគ្គ ៨ក្រុមនៅ Euro ដ្បិតកាលឆ្នាំ២០២០ បានធ្លាក់ក្រោមថ្វីជើងរបស់អេស្ប៉ាញ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះតោកំណាចអង់គ្លេស ឬក៏ស្លូវ៉ាគី ដែលត្រូវលេងវគ្គ ១៦ក្រុមនាម៉ោង ១១យប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅកម្ពុជា)។

ងាកទៅចាប់អារម្មណ៍ម្ចាស់ផ្ទះអាល្លឺម៉ង់វិញ បានទម្លាក់ដាណឺម៉ាកត្រឹមវគ្គ ១៦ក្រុមដោយស្រួល។ នេះជាជ័យជម្នះទី៣ ក្នុងចំណោម ៤ប្រកួតនៅពានអឺរ៉ុបនេះ ពីការធ្វើបានសម្រេចដោយកីឡាករ Kai Havertz ទាត់ប៉េណាល់ទី និងកីឡាករវ័យក្មេង Musiala សុទ្ធតែកើតឡើងក្នុងវគ្គទី២ ដូចគ្នា។ ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ គោជល់អេស្ប៉ាញ អតីតជើងឯក Euro ៣សម័យកាលដូចគ្នា ឬក៏ហ្ស៊កហ្ស៊ី ដែលត្រូវលេងវគ្គ ១៦ក្រុមនៅនារាត្រីនេះដែរ៕