(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកដំណើរការអគារវប្បធម៌ «គង» នារសៀលថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណសាលាអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អង្គការតុកកែញញឹមកម្ពុជា ត្រូវបានបង្កើតឡើង និងបំពេញបេសកកម្មរបស់ខ្លួនអស់រយៈពេល ១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៤ ដោយបានជ្រើសរើសតំបន់ដាច់ស្រយាលមួយនេះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បុព្វហេតុដែលបង្កើតអង្គការនេះឡើង សម្តៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដោយមកដល់ពេលបច្ចុប្បន្ននេះ បង្កើតឲ្យមានសាលារៀនគំរូដល់កុមារជិត ៥០០នាក់ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអនុស្សារណៈយោគយល់ រវាងក្រសួងអប់រំយុវជន និងកីឡា និងអង្គការតុកកែញញឹមកម្ពុជា ក៏ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានបង្កើតការងារជិត ៤០០កន្លែងសម្រាប់ប្រជាពលរដ្ឋ និងយុវជនមូលដ្ឋាន និងផ្ដល់ផលជាវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់សហគមន៍ទាំងមូលជាច្រើនពាន់នាក់។

លោក ងន់ សុខលាភ នាយកប្រតិបត្តិ បានឲ្យដឹងថា ដោយមើលឃើញអំពីការលូតលាស់ខាងសមត្ថភាព និងទេព្យកោសល្យរបស់កុមារ និងយុវជនកម្ពុជា សាលាគំរូអង្គការតុកកែញញឹមកម្ពុជា ក៏មើលឃើញពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ។ ដោយទទួលស្គាល់ថាវាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អត្តសញ្ញាណជាតិ អង្គការតុកកែញញឹមកម្ពុជា បានខិតខំប្រឹងប្រែងកៀងគររកជំនួយទាំងក្នុង និងក្រៅប្រទេសដើម្បីស្ថាបនាអគារវប្បធម៌ «គង» នេះឡើង ជាមជ្ឈមណ្ឌលវប្បធម៌ និងបំពាក់នូវឧបករណ៍ និងមុខងារទំនើបៗជាច្រើនសម្រាប់បម្រើដល់វិស័យសិក្សាធិកាវប្បធម៌ និងសិល្បៈរបស់ខ្មែរយើង។ ក្នុងនោះអាគារវប្បធ៌គង នឹងបម្រើនូវមុខងារជាច្រើន ដូចជាកន្លែងថតសម្លេង កន្លែងសម្ដែងសិល្បៈ និងការជួបជុំ ផ្សេងៗសម្រាប់សិស្សានុសិស្ស យុវជន សិល្បៈករសិល្បៈការិនីក្នុងនិងក្រៅប្រទេស សម្រាប់លើកតម្កើង និងផ្លាស់ប្ដូរវប្បធម៌ ព្រមទាំងការផ្លាស់ប្តូរការចែករំលែកចំណេះដឹងផងដែរ។

លោកបញ្ជាក់ថា «អគារវប្បធម៌ “គង” បានផ្សារភ្ជាប់នឹងផ្នែកស្ថាបត្យកម្ម ដែលតំណាងឲ្យលក្ខណៈពិសេសនៃទេព្យកោសល្យ និងស្នាដៃរច្របាច់រួមគ្នារបស់ស្ថាបត្យករជាជនខ្មែរ និងជនជាតិស្វីស ដោយបានទទួលស្គាល់និងគិតគុរតាមលំនាំតាមស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យនាសម័យអង្គរដ៏រុងរឿងរបស់យើង។ ស្ថាបត្យកម្មរួមទាំងប្លង់រចនាបទនៃការសាងសង់អគារ “គង” របស់យើង ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់អំពី សណ្ឋានដី ទិសខ្យល់ ពន្លឺ និងប្រព័ន្ធរំដោះទឹកភ្លៀង ដែលចុងក្រោយត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំកសិកម្ម ក្នុងបរិវេណអង្គការតុកកែញញឹមកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា អគារវប្បធម៌ “គង” នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងបម្រើជាពហុបំណងក្នុងការចូលរួមចំណែកលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរយើង ឲ្យកាន់តែមានការរីកចម្រើន ក៏ដូចជាចូលរួមចំណែកក្នុងការការលើកទឹកចិត្ត ការឆ្នៃប្រឌិតការផ្សារភ្ជាប់ទំនាក់ទំនង និងការស្វែងយល់ផ្នែកវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយរបស់យើង»។

មុននឹងសម្រេចបាននូវសមិទ្ធផលដ៏ស្កឹមស្កៃមួយនេះ អង្គការតុកកែញញឹមកម្ពុជា បានខិតខំប្រឹងប្រែងរួមគ្នា និងជម្នះការលំបាកឧបសគ្គគ្រប់បែបយ៉ាង ជាមួយសេចក្តីរីករាយនិងការតាំងចិត្តយ៉ាងមុតមាំ ប្រកបទៅដោយមោទនភាព ក្តីសង្ឃឹម និងជំនឿជាក់ខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកតម្កើងទេព្យកោលសល្យ សិល្បៈ វប្បធម៌តាមរយៈការអប់រំបណ្តុះបណ្តាល សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយរបស់យើង ឲ្យកាន់តែមានអនាគតល្អប្រសើរ ដើម្បីជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសកម្ពុជាយើង។

លោក ងន់ សុខលាភ បានបន្តថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការចូលរួមគ្រប់មជ្ឈដ្ឋានក្នុងការរួមចំណែកសម្រេចឲ្យបាននូវអគារវប្បធម៌គងនេះឡើង ដែលជាស្នូលនៃសាលាគំរូអង្គការតុកកែញញឹមកម្ពុជា និងជាមជ្ឈមណ្ឌលវប្បធ៌សម្រាប់ខ្មែរយើង។ ជាពិសេស យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំខេត្តកំពង់ឆ្នាំង និង ការិយាល័យអប់រំស្រុក ចំពោះការគាំទ្រ លើកទឹកចិត្ត និងការជួយជ្រោមជ្រែង បង្កលក្ខណៈងាយស្រួលដើម្បីផ្តល់លទ្ធភាពឲ្យអង្គការតុកកែញញឹមកម្ពុជារបស់យើង ក៏ដូចជាសាលាគំរូអាចដំណើរការបានរហូតមកដល់ពេលនេះ និងទៅថ្ងៃអនាគត ក្នុងបេសកកម្មអភិវឌ្ឃមូលដ្ឋាន និងកសាងធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សីរបស់យើងទៅថ្ងៃ អនាគត»

សូមជម្រាបថា កម្មវិធីនេះ ក៏មានការចូលរួមពីលោក Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ទអាឡឺម៉ង់ប្រចាំកម្ពុជា និងលោកស្រី Sabine HILKE MESSERER, លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុង បានថ្លែងថា៖ «ខ្ញុំសូមអបអរសាទរចំពោះការដាក់ឲ្យដំណើរការអគារ គង ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងបំពាក់នូវឧបករណ៍ និងមុខងារទំនើបៗជាច្រើនសម្រាប់បម្រើដល់វិស័យសិក្សាធិកាវប្បធម៌ និងសិល្បៈរបស់ខ្មែរយើង»។

បើតាមលោក លោក ងន់ សុខលាភ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបណ្ដុះបណ្ដាល និងអប់រំកុមារ និងក្នុងនាមជាដៃគូរក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អង្គការនេះយល់ស្រប និងទទួលស្គាល់ តម្លៃស្នូលនៃការអភិវឌ្ឃធនធានមនុស្សចាប់ពីមតេយ្យសិក្សា រហូតដល់កម្រិតឧត្ដមសិក្សា និងការបណ្ដុះបណ្ដាលបន្ថែមជំនាញវិជ្ជាជីវៈដល់យុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងដែលជាតម្រូវការចាំបាច់សម្រាប់ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ។

នាពេលអនាគត អង្គការបាននិងកំពុងសិក្សាពីលទ្ធភាពនៃការបង្កើតគ្រឺះស្ថានឧត្ដមសិក្សា ដែលនិស្សិត អាចសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែងនៅក្នុងបរិវេណអង្គការតុកកែញញឹមកម្ពុជាផងដែរ ជាមួយនឹងផ្នែកផ្សេងៗដែលមានស្រាប់ដូចជា កសិដ្ឋានដាំដុះដំណាំបន្លែ កសិដ្ឋានចិញ្ចឹមសត្វ កសិដ្ឋានភ្ញាស់កូនត្រី រោងជាងឈើ រោងជាងដែក បជ្ឍមណ្ឌលកែច្នៃអាហារ និងគ្រឿងឧបភោគបរិភោគ កន្លែងបដិសណ្ឋារកិច្ច និងកន្លែងបណ្ដុះបណ្ដាលស្រាវជ្រាវផ្សេងៗទៀតដែលមានស្រាប់។ ដើម្បីសម្រេចបានគោលដៅនេះ អង្គការពិតជាត្រូវការការគាំទ្រទាំងធនធានមនុស្ស ហិរញ្ញវត្ថុ និងចំណេះដឹងបច្ចេកទេសពីគ្រប់មជ្ឍដ្ឋានទាំងក្នុងនិងក្រៅប្រទេស ពិសេសក្រសួងអប់រំយុវជននិងកីឡា ក្នុងបុព្វហេតុ «កម្ពុជា ដើម្បី កម្ពុជា»៕