(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី ព្រឹកថ្ងៃអាទិត្យទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល និងបាននាំយកនូវភេសជ្ជៈឧបត្ថម្ភដល់ក្រុមកីឡាករ ដេីម្បីជាការលេីកទឹកចិត្ត ដល់ប្អូនៗកីឡាករ ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មាន២ប្រកួត គឺក្រុមកីឡាយុវជនឃុំសន្លុងប្រកួតជាមួយក្រុមកីឡាយុវជនឃុំវិហារសួគ៌ ដែលលទ្ធផល បានទៅលេីក្រុមកីឡាឃុំវិហារសួគ៌ ១ ទល់នឹង ០ ហេីយក្រុមទី២ គឺក្រុមកីឡាយុវជនឃុំពុកឫស្សី ប្រកួតជាមួយក្រុមកីឡាយុវជនឃុំកោះចូរ៉ាម ដែលលទ្ធលបានទៅលេីឃុំពុកឫស្សី ៤ ទល់នឹង ០ ។

ការប្រកួតវគ្គកណ្តាលផ្ដាច់ព្រ័ត្រនេះ គឺមានការចូលរួមទស្សនាយ៉ាងច្រេីនកុះករពីសំណាក់យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។

សូមរំលឹកថា ការរៀបចំឱ្យកម្មវិធីប្រកួតកីឡាយុវជនជារៀងរាល់ឆ្នាំនេះ គឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណង (១)លើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានការីកចម្រើន, (២)បង្កើតឱ្យមានកម្មវិធីសប្បាយរីករាយ, (៣)ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឱ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខគ្រប់ប្រភេទ, និង(៤)ផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពលសម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន៕