(ម៉ូនិច)៖ តោកំណាចអង់គ្លេស អតីតជើងឯករង Euro 2020 បានឈានទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត នៅពេលទម្លាក់គូប្រជែងស្លូវ៉ាគី ២-១ ក្នុងម៉ោងថែមនាយប់មិញ។

ក្រុមលេខ១ ចេញពីពូល C មួយនេះត្រូវរង់ចាំដល់នាទី៩០+៥ ទើបរកបានគ្រាប់តាមស្មើ ១-១ ដោយកីឡាករ Jude Bellingham ដែលបានឈានចូលវ័យ ២១ឆ្នាំនាថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីក្រុមលេខ៣ ល្អ ស្លូវ៉ាគីនាំមុខ ១គ្រាប់មុនតាំងពីនាទីទី២៥ មក សម្រាប់ប្រកួតទី៣ នៃវគ្គ ១៦ក្រុមនៅ Euro 2024 ដោយមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

ក្នុងការប្រកួតក្នុងម៉ោងថែម ១៥នាទី ២ដង ប្រធានក្រុម Harry Kane ជាអ្នករកបានគ្រាប់ជ័យជម្នះតែម្តង ពោលគឺនៅនាទី៩១ និងជាគ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធមកពីក្លិប FC Bayern Munich។

១គ្រាប់ដ៏មានន័យនេះដែរ បានជួយអង់គ្លេស ឡើងទៅវគ្គ ៨ក្រុមដោយប៉ះស្វីស ដែលបានទម្លាក់ក្រុមការពារជើងឯកអ៊ីតាលីកាលពីរាត្រីថ្ងៃសៅរ៍ និងបញ្ជូនស្លូវ៉ាគីត្រឡប់ទៅផ្ទះវិញផងដែរ ក្រោយលេង ១២០នាទីយូរជាងគេ។

ចំណែកឯ ១ប្រកួតនាយប់មិញនេះដែរ គោជល់អេស្ប៉ាញ បានយកឈ្នះហ្ស៊កហ្ស៊ី ៤ទល់នឹង១ ដើម្បីឡើងវគ្គ ៨ក្រុមជួបម្ចាស់ផ្ទះអាល្លឺង់៕