(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជា ដណ្ដើមបានមេដាយសរុប ៣គ្រឿង (មាស ១ និងសំរឹទ្ធ ២) ក្នុងការប្រកួតកីឡាទូកនាគអន្ដរជាតិ (International Dragon Boat Festival) ឆ្នាំ២០២៤ នៅប្រទសរុស្ស៊ី ដែលមានអត្តពលិក ៩ប្រទេសចូលរួមប្រកួតប្រជែង រួមមានកម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូបេគីស្ថាន វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះរុស្ស៊ី។

តាមរយៈសមិទ្ធផលខាងលើ លោក ចាយ ស៊ីជឿន អគ្គលេខាធិការរង និងជាប្រធានប្រតិភូ បានចាត់ទុកជាជោគជ័យ និងជាមោទនភាពមួយសម្រាប់ជាតិ ដោយផ្ដើមចេញពីការខិតខំប្រឹងរបស់កីឡាករផ្ទាល់ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលមានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធ។

គួរដឹងថា ព្រឹត្តិការណ៍ប្រណាំងទូកនាគអន្ដរជាតិ International Dragon Boat Festival ឆ្នាំ២០២៤ នៅប្រទេសរុស្ស៊ី បានដំណើរការប្រកួតពីថ្ងៃទី២៩-៣០ ខែមិថុនា កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុមអត្តពលិកកីឡាទូកនាគកម្ពុជា បានចូលរួមលើ ៣វិញ្ញាសា ខណៈជាលទ្ធផល ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាចម្ងាយ ២,០០០ម៉ែត្រ និងមេដាយសំរឹទ្ធ ២ លើវិញ្ញាសាចម្ងាយ ២០០ម៉ែត្រ និងចម្ងាយ ៥០០ម៉ែត្រ៕