(ប៊ែកឡាំង)៖ ២ប្រកួតបន្តសម្រាប់វគ្គ ១៦ក្រុមនៅពានអឺរ៉ុប Euro 2024 នារាត្រីនេះ គឺជាការជួបគ្នារវាងមាន់គកបារាំង ជួបបិសាចក្រហមប៊ែលហ្សិក នៅមុនពេលបច្ចខែលព័រទុយហ្គាល់ ប៉ះស្លវេនី ខណៈក្រុមឈ្នះ នឹងបន្តជួបគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយទៀត។

ជំនួបរវាងមាន់គកបារាំង និងបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិក នឹងធ្វើឡើងនាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Mertur Spiel-Arena ដោយមានលោក Gienn Nyberg សញ្ជាតិស៊ុយអែត ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។ បារាំង អតីតរងជើងឯក World Cup 2022 ជាក្រុមលេខ២ ចេញពីពូល D តាមរយៈលេង ៣ប្រកួតមិនចាញ់ឡើយ ក្រៅពីឈ្នះ១ និងស្មើ២ មាន ៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងអូទ្រីស ១ពិន្ទុ ដែលត្រូវប៉ះប៊ែលហ្សិក ក្រុមលេខ២ ចេញពីពូល E មាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១។

ចំណែកឯជំនួបរវាងព័រទុយហ្គាល់ អតីតជើងឯក Euro 2016 នៅបារាំង និងស្លូវេនីវិញ ចាប់ផ្តើមនាម៉ោង ២យប់រំលងអាធ្រាត្រនេះ ឈានចូលព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Deutsche Bank Park ដោយមានលោក Daniele Orsato សញ្ជាតិអ៊ីតាលី ជាអាជ្ញាកណ្តាលលើទីលាន។ ព័រទុយហ្គាល់ ជាក្រុមកំពូលតារាងប្រចាំពូល F ចុងក្រោយគេ តាមរយៈលេង ៣ប្រកួតសន្សំពិន្ទុ ឈ្នះ២ និងចាញ់១ មាន ៦ពិន្ទុស្មើក្រុមលេខ២ តួកគីផងដែរ ដោយត្រូវប៉ះស្លូវេនី ក្រុមលេខ៣ ល្អចេញពីពូល C។

គួរបញ្ជាក់ផងដែរថា រវាងក្រុមឈ្នះនាយប់នេះ នឹងឡើងទៅជួបគ្នាជាបន្តសម្រាប់វគ្គចាញ់-ធ្លាក់ ៨ក្រុមទៀត ដ្បិតរកបាន ៤ក្រុមរួចហើយផងដែររួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះអេស្ប៉ាញ និងស្វីស ជួបតោកំណាចអង់គ្លេស ចាប់ផ្តើមពីថ្ងៃទី០៥ ខែកក្កដាតទៅ៕