(រ៉ូម)៖ សហព័ន្ធបាល់ទាត់ប្រចាំប្រទេសអ៊ីតាលី បានចេញមកប្រកាសក្តែងៗថា លោក Luciano Spalletti នៅតែបន្តកាន់តំណែង ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអាសូរីអ៊ីតាលីដដែល ទោះបីក្រុមហាលអាវដ៏លឿនបំផុតក្នុងពានរង្វាន់អឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ត្រឹមវគ្គ ១៦ក្រុមមុនគេក៏ដោយ។

យោងតាមការចេញផ្សាយដោយគេហទំព័រ Reuters នៅថ្ងៃនេះបានឱ្យដឹងថា អ៊ីតាលី នឹងបន្តផ្តល់ការទុកចិត្តលើលោក Spalletti ដើម្បីដឹកនាំក្រុមរហូតដល់ឆ្នាំ២០២៦ ពោលគឺព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលមានអាមេរិក កាណាដា និងមិចស៊ិកធ្វើម្ចាស់ផ្ទះ។

អ៊ីតាលី ស្ថិតក្រោមបង្វឹកដោយលោក Spalletti បានជ្រុះចេញពី Euro 2024 មុនគេត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់គូប្រជែងស្វីស ២-០ កាលពីរាត្រីថ្ងៃសៅរ៍ក្នុងម៉ោងធម្មតា ៩០នាទី ក្នុងនាមជាក្រុមការពារតំណែងជើងឯក ដែលពួកគេបានយកឈ្នះតោកំណាចអង់គ្លេស ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ៣ឆ្នាំកន្លងទៅ។

គួររំលឹកផងថា លោក Spalletti ត្រូវបានតែងតាំងដឹកនាំក្រុមជម្រើសជាតិអាសូរីអ៊ីតាលី តពីលោក Roberto Mancini នាអំឡុងខែសីហា ឆ្នាំ២០២៣ ដែលមានកិច្ចសន្យាដល់ឆ្នាំ២០២៦៕