(បរទេស)៖ ត្បិតទើបបោះជំហានប្រឡូកក្នុងវិស័យរថយន្តក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុន Xiaomi ដែលកន្លងទៅល្បីផ្នែកផលិតស្មាតហ្វូន ពេលនេះជោគជ័យមួយកម្រិតទៀត ក្រោយការលក់រថយន្តរបស់ខ្លួនមានការកើនឡើងគួរឲ្យកត់សម្គាល់។ ពោលគឺក្នុងខែមិថុនាកន្លងទៅនេះ Xiaomi លក់រថយន្ត Auto SU7 បានជាង១ម៉ឺនគ្រឿង និងរំពឹងលក់ម៉ូដែលផ្សេងបាន១ម៉ឺនគ្រឿងទៀត ក្នុងខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ការលក់រថយន្តរបស់ Xiaomi Auto មានការកើនឡើងជាលំដាប់ពីមួយខែទៅមួយខែ ក្រោយពីការប្រកាសចេញលក់ផ្លូវការណ៍កាលពីចុងខែមិនា ដោយក្នុងនោះការលក់ក្នុងខែមេសា គឺមានចំនួន ៧,០៥៨គ្រឿង, ក្នុងខែឧសភាបានចំនួន ៨,៦៣០ គ្រឿង និងក្នុងខែមិថុនាថ្មីៗ គឺការលក់បានឈានឡើងដល់ ១០,០០០គ្រឿង។ Xiaomi ធ្លាប់បានប្រកាសបញ្ជាក់ថា សង្វាក់ផលិតកម្មរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានបង្កើនឡើងទ្វេរដងក្នុងខែមិថុនា។

គេនៅចាំបានថា ម៉ូដែល SU7 គឺជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វន Xiaomi ដែលបានប្រកាសចេញផ្លូវការណ៍កាលពីចុងឆ្នាំ២០២៣ និងបានប្រកាសចេញលក់ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីចុងខែមីនា២០២៤។ រថយន្តអគ្គិសនីស៊េរីថ្មីដំបូងរបស់ Xiaomi គឺមានជម្រើសបីម៉ូដែលមានដូចជាម៉ូដែល SU7, SU7 Pro និង SU7 Max ជាមួយតម្លៃចេញលក់ចាប់ពីខ្ទង់ក្រោម ៣ម៉ឺនដុល្លារអាមេរិក។ ខណៈការលក់ក្នុងខែមិថុនាកើនឡើត ក្រុមហ៊ុន Xiaomi រំពឹងទុកថា ក្នុងការលក់រថយន្ត SU7 Series របស់ខ្លួនឲ្យបានដល់ ១០០,០០០គ្រឿង ជាមួយគោលដៅលក់បានចំនួន ១២០,០០០គ្រឿងក្នុងឆ្នាំ២០២៤នេះ៕