(ភ្នំពេញ)៖ សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា នឹងរៀបចំការប្រកួត “លីគបេស្បល៥ កម្ពុជា” លើកទី១ (1st Cambodia Baseball5 League) ឆ្នាំ២០២៤ នាថ្ងៃទី២២-២៤ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិ។ លោក ឆែម តារា ប្រធានសហព័ន្ធ បានចាត់ទុកនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបេស្បលកម្ពុជា ពិសេសលើកកម្ពស់ស្ដ្រីក្នុងវិស័យកីឡា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា កីឡាបេស្បល៥ ឬ Baseball5 គឺជាប្រភេទកីឡាថ្មី ដែលសហព័ន្ធទើបនាំចូលមករៀបចំនៅកម្ពុជា តែកំពុងមានការពេញនិយមលេងលើពិភពលោក ក្រោយការគ្រប់គ្រងរបស់សហព័ន្ធកីឡាបេស្បលពិភពលោក។

Baseball5 ដ្បិតជាប្រភេទកីឡាថ្មី ដែលងាយស្រួលលេង ពិសេសផ្ដោតការលើកកម្ពស់ យេនឌ័រ ជាសំខាន់ ជាក់ស្ដែងក្នុងចំណោមសមាជិកក្រុម ៨នាក់ ត្រូវមានបុរស ៤នាក់ និងស្ដ្រី ៤នាក់ ហើយក្នុងចំណោមសមាជិក ត្រូវប្រកួតលើទីលាន ៥នាក់ ក៏តម្រូវឲ្យមានស្ដ្រី ២នាក់ផងដែរ ។ ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិញ្ញាសា Baseball5 ទើបសហព័ន្ធសម្រេចនាំមករៀបចំ និងអភិវឌ្ឍន៍នៅកម្ពុជា។

លោក ឆែម តារា បានចាត់ទុកការប្រកួត Cambodia Baseball5 League លើកដំបូង នាចុងខែសីហា ឆ្នាំ២០២៤ ខាងមុខ គឺជាការចាប់ផ្ដើមមួយដ៏ល្អ ដើម្បីផ្ដល់ឱកាសឲ្យមហាជន បានចូលរួមប្រកួតប្រជែងជាមួយយុវជនរបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិ ដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃជាដើម។

លោកបន្ថែមថា បច្ចុប្បន្នមានបេក្ខភាព ១២ក្លិបហើយ ដែលបានចុះឈ្មោះចូលរួមប្រកួត Cambodia Baseball5 League 2024 ប៉ុន្ដែសហព័ន្ធនៅបន្ដបើកការទទួលចុះឈ្មោះចូលរួមប្រកួត ក៏ដូចជាអំពាវនាវឲ្យមានការចូលរួមកាន់តែច្រើនពីស្រទាប់មហាជន និងយុវជន ទោះបីលេងដើម្បីសុខភាព ឬគោលដៅលេងដើម្បីលើកមុខមាត់ប្រទេសជាតិ ដើម្បីឈានទៅសម្រិតសម្រាំងបាននូវក្រុមជម្រើសជាតិដ៏មានគុណភាពមួយ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា នៅថ្ងៃអនាគត៕