(ប៉ារីស)៖ អ្នកចាំទីសញ្ជាតិអង់គ្លេស កីឡាការិនី Mary Earps បានចុះកិច្ចព្រមព្រៀង ២ឆ្នាំលេងឲ្យក្លិបបារាំង Paris St-Germain លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

កីឡាការិនីវ័យ ៣១ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបបារាំង បន្ទាប់ពីកិច្ចសន្យារបស់នាងជាមួយ Manchester United បានផុតកំណត់។

United បានផ្តល់ឱ្យ Earps នូវកិច្ចព្រមព្រៀងថ្មី ប៉ុន្តែបន្ទាប់ពីការពិចារណាជាច្រើនលើក នាងបានបដិសេធ។

«ខ្ញុំពិតជាមានកិត្តិយសណាស់ ក្នុងការក្លាយអ្នករស់នៅទីក្រុងប៉ារីស ហើយខ្ញុំមិនអាចរង់ចាំបានទេ ដើម្បីលេងជាមួយមិត្តរួមក្រុមថ្មីរបស់ខ្ញុំ»។ Earps បានលើកឡើង។

សូមជម្រាបថា United បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុងលីគ Women's Super League នារដូវកាលមុនដាច់ ២០ពិន្ទុ ពីក្រោយក្រុមម្ចាស់ពានរង្វាន់ជើងឯក Chelsea ប៉ុន្តែបានឈ្នះពានរង្វាន់ FA Cup។

ដោយឡែក PSG បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន មុនពេលចាញ់គូប្រជែង Lyon៕