(ប៉ារីស)៖ ខ្សែប្រយុទ្ធសញ្ជាតិហ្សកហ្ស៊ី Georges Mikautadze បានសម្រេចនូវការផ្ទេរលេងជាអចិន្ត្រៃយ៍ តម្លៃ ១៣លានអឺរ៉ូពីក្លិប Ajax Amsterdam ទៅកាន់ក្លិបបារាំង Metz វិញ ជាទីកន្លែងដែលលោកបានលេងកាលពីពាក់កណ្តាលទី២ នៃរដូវកាលមុន ក្នុងលក្ខខណ្ឌខ្ចីជើង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

Mikautadze ដែលបានកើតនៅទឹកដីបារាំងនោះ រកបាន ៣គ្រាប់ ខណៈហ្សកហ្ស៊ី បានបង្ហាញខ្លួនជាលើកដំបូង នៅឯព្រឹត្តិការណ៍ European Championship ដោយបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយ មុនពេលពួកគេត្រូវបានទម្លាក់ចេញដោយក្រុមអេស្ប៉ាញ ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

លោកបានក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេរួមគ្នា នៅឯព្រឹត្តិការណ៍ Euro 2024 ជាមួយកីឡាករអាល្លឺម៉ង់ Jamal Musiala និងកីឡាករស្លូវ៉ាគី Ivan Schranz។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានចូលរួមជាមួយ Ajax ដោយផ្លាស់មកពីក្លិប Metz នៅពេលចាប់ផ្តើមរដូវកាលឆ្នាំ២០២៣-២០២៤ ប៉ុន្តែបានបរាជ័យ ក្នុងការទទួលបានតំណែង ក្នុងជម្រើស ១១នាក់ដំបូង ហើយក៏ត្រូវបានឱ្យខ្ចីជើង ត្រឡប់មកកាន់ក្លិប Metz ដែលលេងនៅលីគ Ligue 1 វិញកាលពីខែមករា ដោយរកបាន ១១គ្រាប់ ក្នុងចំណោម ១៧ប្រកួត។

លោកបានបង្ហាញខ្លួនត្រឹមតែ ៩លើកប៉ុណ្ណោះសម្រាប់ Ajax ដោយមិនបានរកគ្រាប់បាល់បានឡើយ៕