(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិ U19 កម្ពុជាហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy's Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី នាចុងខែកក្កដានេះ ។

នៅក្នុងចំណោមកីឡាករទាំង ២៣នាក់ខាងលើ ក៏មានកីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ម្នាក់ គឺយុវជន លឹម លោកាថុង ដែលកំពុងប្រកបអាជីពជាមួយក្លិប Melville United នៃលីគកំពូលនូវែលសេឡង់ផងដែរ ក្រោយទទួលបានសេចក្ដីទុកចិត្តពីគ្រូបង្គោលលោក ភា សុភ័ក្ដ្រា ដែលបានអញ្ជើញរូបគេមកជួយក្រុមគោព្រៃជំទង់កម្ពុជា ។

សម្រាប់កីឡាករ U19 កម្ពុជា ដែលចម្រាញ់ចេញពីយុវជនជិត ៦០នាក់ រួមមានសាលាបាល់ទាត់ជាតិបាទី ៦នាក់ (រុង ចុងមីង, ទាំ មករា, អ៊ុក ដេវីន, រ៉ាវ ដេវីត, សុន ថារិស៊ីវ និង ស៊ូ មេងហុង) ។ ភ្នំពេញក្រោន ៤នាក់ (ឈិន វីននីន, បុង សាំយូអ៊េល, លឹម វិសាល និង សោម បូរិទ្ធ) ។ Tiffy Army FC ៤នាក់ (ម៉ាត់ ឡានី, សារ យូសុះ, លាង ពិសី និង ស្រេង សុខគា) ។

វិសាខា ៤នាក់ (ឈាង គឹមសុង, ភឿក ថាតថៃ, សឹង្ហ សំបូរិទ្ធី និង ផៃ ឆៃយ៉ា) ។ បឹងកេត ម្នាក់ ( អ៊ាវ សុវណ្ណារ៉ា), ISI ដង្កោសែនជ័យ ម្នាក់ (វឿន សុខកុសល់), គិរីវង់សុខសែនជ័យ ម្នាក់ (ឯម ឈុំស៊ីដេត), ណាហ្គាវើលដ៏ ម្នាក់ (អ៊ីត សូនី) និងម្នាក់ទៀត គឺប្អូនប្រុសបង្កើតកីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ លឹម អារុន គឺកីឡាករ លឹម លោកាថុង ។

ក្រោយបង្ហាញបញ្ជីឈ្មោះ ២៣នាក់ចុងក្រោយ ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ដ្រា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ចាប់ពីចុងសប្ដាហ៍នេះ មុនចេញដំណើរទៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមការប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ានខាងលើ ចាប់ពីថ្ងៃទី១៧-២៩ ខែកក្កដាខាងមុខ ដោយក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលA ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ទីម័រខាងកើត និងហ្វីលីពីន ។

ចំណែកពូលB មានក្រុមយុវជនឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ដ្រាលី និងពូលC មានក្រុមយុវជនម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងប្រ៊ុយណេ ៕