(ម៉ូនិច)៖ មាន់គកបារាំង នឹងត្រូវប្រជែងទល់នឹងបច្ចខែលព័រទុយហ្គាល់ ក្នុងវគ្គ ៨ក្រុមនៃពាន Euro 2024 ជាបន្តទៀតជាគូប្រកួតដែលពួកគេធ្លាប់ចាញ់កាលផ្តាច់ព្រ័ត្រពានអឺរ៉ុបនេះ ក្នុងឆ្នាំ២០១៦ កន្លងទៅ។

បារាំង អតីតជើងឯកពានរង្វាន់ ៤ឆ្នាំម្តងនេះ ចំនួន ២សម័យកាលផងនោះ បានយកឈ្នះបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិកដោយភាពតានតឹងបំផុតក្នុងលទ្ធផលត្រឹម ១ទល់នឹង០ ប៉ុណ្ណោះពីក្នុងវគ្គ ១៦ក្រុមនាយប់មិញ ដែលជាការធ្វេសប្រហែសចូលទីខ្លួនឯង (own goal) របស់ខ្សែការពារប៊ែលហ្សិក Jan Vertonghen ទៀតផងនៅនាទី៨៥ នៅពេលរារាំងបាល់ដែលស៊ុតចេញពីជើងរបស់កីឡាករ Randal Kolo Muani នោះ។

១គ្រាប់ដែលកើតឡើងក្នុងចំណោមលេងពេញម៉ោង ៩០នាទីនេះដែរ បានធានាបារាំងឡើងទៅប៉ះព័រទុយហ្គាល់ ដែលជាក្រុមបានទម្លាក់គូប្រជែងស្លូវេនី ៣-០ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្រោយលេង ១២០នាទី រកក្រុមឈ្នះ-ចាញ់មិនឃើញ ក្នុងប្រកួតនាយប់មិញនេះដូចគ្នា។

បារាំង បានចាញ់ព័រទុយហ្គាល់ ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដង កាលខ្លួនធ្វើម្ចាស់ផ្ទះ Euro 2016 បានធ្វើឱ្យក្រុមមានខ្សែប្រយុទ្ធ Cristiano Ronaldo ស្គាល់ជើងឯក Euro ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេផងដែរ ស្របពេលបារាំងបានឈ្នះនេះលើកចុងក្រោយក្នុងឆ្នាំ២០០០៕