(ភ្នំពេញ)៖ ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោក ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានសោមនស្សរីករាយ ប្រកាសអំពីការឈ្នះពានរង្វាន់ ដ៏មានកិត្យានុភាពចំនួន៣ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៣ គឺផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន។ ពានរង្វាន់ទាំងនេះ បង្ហាញពីស្នាដៃឆ្នើមមួយទៀត របស់ណាហ្គាវើលដ៍ដែលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសហគមន៍តាមរយៈគំនិតផ្តួចផ្តើមការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

មានមតិចំពោះស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា «យើងមានមោទនភាពដែលបានឈ្នះពានរង្វាន់ AREA ឆ្នាំ២០២៤ ទាំង ៣ ប្រភេទនេះ។ ពានរង្វាន់ទាំងនេះ គឺជាការទទួលស្គាល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើង ក្នុងការងារទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ យើងនឹងខិតខំប្រឹងប្រែង ដើម្បីទទួលបានឧត្តមភាពជាបន្តទៀត នៅក្នុងផ្នែកទាំងនេះ ដែលនឹងចូលរួមធ្វើឲ្យសហគមន៍ បរិស្ថាន និងធនធានមនុស្សរបស់យើងកាន់តែប្រសើរឡើង ដើម្បីជួយគាំទ្រដល់បេសកកម្មកសាងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតថែមទៀត»។

នៅក្នុងស្នាដៃនៃផ្នែកអភិវឌ្ឍធនធានមនុស្ស ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តអភិវឌ្ឍ និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក។ ជាមួយចំនួនបុគ្គលិក ៦,០៣៨នាក់ ដែលមាន ៣៦ ជាតិសាសន៍ផ្សេងគ្នា ណាហ្គាវើលដ៍បានបង្កើតគំនិតផ្តួចផ្តើមជាច្រើន ដូចជា «វគ្គបណ្តុះបណ្តាលសម្រាប់ភាពជោគជ័យ» និង «កម្មវិធីប្រកួតប្រជែង និងកម្សាន្ត» ជាច្រើន។

កម្មវិធីប្រកួតប្រជែង និងកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក មានដូចជា ការប្រកួតប្រជែងជំនាញតាមផ្នែក ទិវាកុមារណាហ្គាវើលដ៍ និងការប្រកួតបាល់ទាត់ដែលមានការចូលរួមពីបុគ្គលិកប្រមាណ ៥០០ នាក់ដែលផ្តល់ឱកាស ឲ្យពួកគេអាចបង្ហាញទេពកោសល្យ របៀបធ្វើការជាក្រុម និងការអបអរគុណតម្លៃរួមជាមួយគ្នា។ ដោយប្រើវិធីសាស្ត្រកាន់តែទូលំទូលាយ និងសកម្ម កម្មវិធីអភិវឌ្ឍ និងសកម្មភាពដែលមានការចូលរួមយ៉ាងច្រើនពីបុគ្គលិក បានធ្វើឱ្យជីវិតរបស់ពួកគេនៅកន្លែងធ្វើការមានភាពប្រសើរឡើងជាលំដាប់។

សម្រាប់ផ្នែកលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ណាហ្គាវើលដ៍ បាន និងកំពុងដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើមជាច្រើនដែលមានគោលបំណងផ្តល់លទ្ធផលវិជ្ជមាននៅតាមសហគមន៍ក្រោមពាក្យស្លោក «យើងបម្រើកម្ពុជា»
ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តោតទៅលើសសរស្តម្ភសំខាន់ៗចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ សសរស្តម្ភនីមួយៗមានភាពពាក់ព័ន្ធគ្នាដែលគាំទ្រដល់គោលដៅទូលំទូលាយរបស់ណាហ្គាវើលដ៍ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជា។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំកម្មវិធីការងារសង្គម ៦៨៨ ដែលមានបុគ្គលិកស្ម័គ្រចិត្ត ៧.២៩១ នាក់បានចំណាយពេលវេលាផ្ទាល់ខ្លួន ៣៧.០០០ ម៉ោង និងកម្លាំងកាយចិត្តចូលរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ប្រមាណ ៥៥៧.៦៦៤ នាក់នៅទូទាំងប្រទេសកម្ពុជា។
អ្វីដែលគួរឲ្យកត់សម្គាល់បំផុត គឺណាហ្គាវើលដ៍បេះដូងសប្បុរសឧបត្ថម្ភគាំទ្រដល់យុវជនមកពីសហគមន៍ដែលមានប្រាក់ចំណូលទាប និងជីវភាពខ្វះខាតនូវសម្ភារសិក្សាដែលបានជួយដល់សិស្សានុសិស្សជាង ២១០,០០០ នាក់នៅតាមសាលារៀន ១១៥ ទូទាំង ១២ រាជធានីខេត្ត។ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្មវិធីឧបត្ថម្ភគាំទ្រទូលំទូលាយរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនប្រមាណ ១០០,០០០ នាក់ទូទាំងប្រទេសកម្ពុជាតាមរយៈការចែកស្បៀង និងគ្រឿងបរិក្ខារពេទ្យ។

ក្នុងនាមជាក្រុមហ៊ុនដែលឧបត្ថម្ភដល់អត្តពលិកកម្ពុជារយៈពេលវែងជាងគេ ណាហ្គាវើលដ៍ផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិធំៗ និងសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីបណ្តុះបណ្តាល និងលើកស្ទួយកីឡាករ-កីឡាការិនីបាល់ទាត់វ័យក្មេងក្នុងខេត្តកំពង់ស្ពឺ។

នៅក្នុងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសបានលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យមានការអនុវត្តប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីដាំកូនឈើ សាប៊ូនៃក្តីសង្ឃឹម ការប្រមូលសំរាម និងការគ្រប់គ្រងកាកសំណល់ ៥R ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ៤៤,០០០ នាក់តាមរយៈសកម្មភាព ១៥០។

ណាហ្គាវើលដ៍បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តល្អបំផុតដើម្បីកាត់បន្ថយកាកសំណល់ចំនួន ១៥ លើកដែលមានការចូលរួមពីបុគ្គលិក ៣៩៤ នាក់ និងសិស្សានុសិស្ស ៣៩៩ នាក់មកពីអង្គការ និងសាលារៀនចំនួន ១៩ ។ បុគ្គលិកដែលបានចូលរួមក្នុងសិក្ខាសាលាទាំងនោះ ត្រូវបានតែងតាំងជាអ្នកអភិរក្សបរិស្ថានគំរូដែលបានជួយផ្សព្វផ្សាយអំពីការគាំពារបរិស្ថាននៅតាមសាលារៀនចំនួន ៦០ នៅក្នុងខេត្តចំនួន ១២។

ក្នុងឆ្នាំ២០២៣ បុគ្គលិកណាហ្គាវើលដ៍ ២៦០ នាក់បានប្រមូលសំរាមបាន ២.១០០ គីឡូក្រាមក្នុងរាជធានីភ្នំពេញ ខណៈសំណល់អាហារ ៤២៨តោន នៅអាហារដ្ឋានបុគ្គលិក ត្រូវបានប្រែក្លាយទៅជាចំណីសត្វរុយ Black Soldier Fly (BFG) ដើម្បីធ្វើជាចំណីសត្វ និងសម្អាតបរិស្ថាន។ គំនិតផ្តួចផ្តើមចិញ្ចឹមសត្វរុយ BFG ជួយកាត់បន្ថយកាកសំណល់សេរីរាង្គ និងផលិតជាចំណីសម្រាប់ចិញ្ចឹមសត្វពាហនៈ និងត្រីដែលចូលរួមដល់ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។

គួររំឭកថា ណាហ្គាវើលដ៍បានទទួលពានរង្វាន់ AREA ទាំង៣នេះ បន្ទាប់ពីទទួលបានពានរង្វាន់ប្លាទីនីម «ឆ្នើមប្រចាំប្រទេសកម្ពុជា» (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នានៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចប្រចាំឆ្នាំលើកទី១៦ ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AREA របស់សហគ្រាសទ្វីបអាស៊ី (Enterprise Asia) គឺជាពានរង្វាន់ស្តង់ដារកំពូលដែលទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការអនុវត្តកិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ចប្រកបដោយនិរន្តរភាពរបស់សហគ្រាសនៅទូទាំងទ្វីបអាស៊ី។ ក្នុងឆ្នាំនេះ មានការដាក់ស្នើជាង ៣០០ នៅទូទាំង ១៩ ប្រទេសដែលបានឆ្លងកាត់ដំណើរការវិនិច្ឆ័យយ៉ាងហ្មត់ចត់រយៈពេល ៥ ខែដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ប្រសិទ្ធភាព និងលទ្ធភាព ភាពពាក់ព័ន្ធ និងនិរន្តរភាព៕