(វ៉ាស៊ីនតោន)៖ ក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាមេរិក ម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 បានជ្រុះចេញពីពានរង្វាន់ ២ឆ្នាំម្តងនេះ ត្រឹមវគ្គចែកពូលប្រចាំពូល C នៅពេលលេងចាញ់ក្រុមខ្លាំងអ៊ុយរ៉ាហ្គាយ ១ទល់នឹង០ នាព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា អាមេរិកបានក្លាយជាក្រុមទី២ ក្នុងនាមប្រទេសម្ចាស់ផ្ទះ World Cup 2026 បន្ទាប់ពីសហម្ចាស់ផ្ទះមិចស៊ិក បានហាលអាវកាលពីម្សិលមិញផងដែរពីក្នុងពូល B របស់ពួកគេ ក្រោយលេងមិនឈ្នះក្រុមលេខ២ អេក្វាទ័រនៅថ្ងៃប្រកួតចុងក្រោយរួចមក។

នៅថ្ងៃប្រកួតបិទពូល C នាព្រឹកថ្ងៃអង្គារនេះដែរ អាមេរិកត្រូវការឈ្នះក្រុមកំពូលតារាងអ៊ុយរ៉ាហ្គាយ ដែលជាក្រុមមកពីតំបន់អាមេរិកឡាទីន ក្នុងការធានាកៅអីឡើងទៅវគ្គ ៨ក្រុមជាបន្តទៀត ស្របពេលក្រុមលេខ២ ប៉ាណាម៉ាបានបំបាក់ក្រុមបាតតារាងបូលីវី ៣-១ នាម៉ោង ៧ព្រឹកដំណាលគ្នាដែរ។

អាមេរិក ក្នុងនាមជាក្រុមខ្លាំងមួយប្រចាំតំបន់អាមេរិកខាងជើង រកបានតែ ៣ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៣ប្រកួតសន្សំពិន្ទុប្រចាំពូល C ដែលបានយកឈ្នះបូលីវី ២-០ នៅថ្ងៃបើកឆាក មុនពេលមកចាញ់ប៉ាណាម៉ា ២-១ និងចុងក្រោយចាញ់អ៊ុយរ៉ាហ្គាយ ១ទល់នឹង០ ហាលអាវតែម្តង៕