(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ នឹងពើបប្រទះរ៉ូម៉ានី នៅមុនពេលតួកគី ត្រូវប្រជែងកៅអីវគ្គ ៨ក្រុមទល់នឹងអូទ្រីស ដើម្បីបិទបញ្ចប់វគ្គ ១៦ក្រុមនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2024 នៅប្រទេសអាល្លឹម៉ង់។

ជំនួបបើកឆាកនាម៉ោង ១១យប់ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងទឹកក្រូចហូឡង់ និងរ៉ូម៉ានី ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich ដោយមានលោក Felix Zwayer សញ្ជាតិអាល្លឺម៉ង់ ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។ ហូឡង់ជាក្រុមលេខ៣ ល្អជាងគេ ក្នុងចំណោម ៤ក្រុមដែលត្រូវបានជ្រើសរើសឡើងទៅបំពេញបន្ថែមសម្រាប់វគ្គ ១៦ក្រុម ដោយបានបញ្ចប់ក្នុងតំណែងលេខ៣ ផងដែរចេញពីពូល D ដែលត្រូវប៉ះរ៉ូម៉ានី ក្រុមកំពូលតារាងប្រចាំពូល E។

ចំណែកឯ ១ប្រកួតចុងក្រោយកូនពៅក្នុងវគ្គ ១៦ក្រុម គឺជាការជួបគ្នារវាងតួកគី និងអូទ្រីស នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Red Bull Arena Leipzig ដោយមានលោក Artur Dias សញ្ជាតិព័រទុយហ្គាល់ ជាអាជ្ញាកណ្តាលលើទីលាន។

ក្រុមឈ្នះសម្រាប់ ២ប្រកួតនេះដែរ នឹងបន្តជួបគ្នាក្នុងវគ្គ ៨ក្រុមនៅ Euro លើកទី១៧ នេះជាបន្តទៀត ដ្បិតម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះអេស្ប៉ាញ, អង់គ្លេស ជួបស្វីស និងបារាំង ប៉ះព័រទុយហ្គាល់ ក្នុងវគ្គ ១/៤ នេះទៀតដែរ៕