(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ត្រៀមបញ្ជូនប្រតិភូ និងអត្តពលិកសរុប ១៤រូប ចូលរួមការប្រកួតកីឡាជឺជីតស៊ូជើងឯកប្រចាំតំបន់ JJAU អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នាថ្ងៃទី០៦-៧ ខែកក្កដាចុងសប្ដាហ៍នេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខណៈមន្ដ្រីជាន់ខ្ពស់សហព័ន្ធ បានបង្ហាញសុទិដ្ឋនិយមខ្ពស់ចំពោះបេសកកម្មនេះ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅដើមសប្ដាហ៍នេះ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ តបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី។ ការប្រកួតនេះមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៤១២នាក់ មកពី ៦ប្រទេស។

លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធបានលើកឡើងថា នេះគឺជាឱកាសដ៏ល្អសម្រាប់អត្តពលិកឆ្នើមៗវ័យក្មេងកម្ពុជា ក្នុងការចូលរួមប្រកួតអន្ដរជាតិ ដើម្បីដណ្ដើមមេដាយជូនជាតិផង និងដុសខាត់សមត្ថភាព ត្រៀមការប្រកួតអន្ដរជាតិជាបន្ដបន្ទាប់ទៀត បន្ទាប់ពីពួកគេបានខិតខំហ្វឹកហាត់យ៉ាងស្វាហាប់អស់រយៈពេលជាច្រើនខែកន្លងមក។

លោកបន្ដថា «ពួកយើងមានក្តីរំភើបឥតឧបមាចំពោះការចូលរួមក្នុងការប្រកួតនេះ។ ក្រុមការងារ ក៏ដូចជាអត្តពលិករបស់យើងបានសិក្សា រៀបចំ និងត្រៀមខ្លួនសម្រាប់ការប្រកួតនេះជាច្រើនខែ ហើយយើងមានទំនុកចិត្តខ្ពស់លើសមត្ថភាពរបស់អត្តពលិកយើងក្នុងការឡើងឆាកប្រយុទ្ធ ដណ្តើមជ័យជម្នះ និងមេដាយមាសជូនប្រទេសជាតិកម្ពុជា»។

ទន្ទឹមជាមួយគ្នា លោកកក៏ថ្លែងអំណរគុណចំពោះវិទ្យាស្ថានខេមអេដ និងសមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែលបានផ្តល់ការគាំទ្រក្នុងការបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងដៃគូសហការទាំងអស់ ដែលបានរួមចំណែក និងគាំទ្រដល់សហព័ន្ធ ដើម្បីបញ្ជូនអត្តពលិកកម្ពុជាចូលរួមការប្រកួតខាងលើ។

គួរដឹងថា ប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ដែលត្រៀមចូលរួមការប្រកួតជើងឯកប្រចាំតំបន់ JJAU អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅកោះបាលីនាចុងសប្ដាហ៍នេះ គឺមានគ្រូបង្វឹក ២រូប រួមមានលោក Jasper Martijn PAAS និងលោក សំអុន បូរមី រួមជាមួយកីឡាករ-កីឡាការិនី ១២នាក់ គឺមាន មឿន លីម សុបញ្ញា, កាំង ម៉េងឃាង, សៅ សុភារ៉ា, ញឹម រក្សា, គិម កែវមង្គល, ហេង ស៊ីវហ៊ាង, ទីន សុវណ្ណបួរកែវ, ទូច ពីរកក្កដា, គង់ ម៉ូណា ជេសស៊ីកា, ហៃ ពេញ, សរ សុផានុត និងម្ចាស់មេដាយមាសស៊ីហ្គេម គង់ ម៉ូណា មិថុរ៉ា៕