(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ China Daily នៅថ្ងៃចន្ទនេះថា ខ្លួនបានសម្រេចចិត្តបង្រួបបង្រួមបណ្តាញលក់រាយ (ទីតាំងហាងលក់រាយ) របស់ខ្លួននៅក្នុងប្រទេសចិន ដោយងាកទៅផ្តោតលើហាងអនឡាញជំនួសវិញ។ ខណៈមូលហេតុជាក់លាក់មិនត្រូវបាន Microsoft បង្ហាញលម្អិតនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា វាមានជាប់ទាក់ទិននឹងការលក់ឧបករណ៍ Surface រួមទាំងការរៀបចំឡើងវិញនៃយុទ្ធសាស្រ្តលក់រាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ CNA នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

ទោះបីជាមានការបិទហាងលក់រាយ ឬទីតាំងហាងអាចទៅទិញផ្ទាល់ក៏ដោយ Microsoft បានប្រាប់ទៅអតិថិជនទាំងអស់ថា ពួកគេនៅតែអាចបន្តចូលប្រើប្រាស់ផលិតផល និងសេវាកម្មដ៏ច្រើនរបស់ខ្លួនបានតាមរយៈ Channel អនឡាញធំៗចំនួនពីរគឺ Microsoft.com និងដៃគូលក់រាយ JD.com។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំពេញតម្រូវការផ្លាស់ប្តូររបស់អតិថិជនរបស់ខ្លួន និងបានគូសបញ្ជាក់ពីការសម្រេចចិត្តក្នុងការផ្តោតលើវិធីសាស្រ្ត Channel របស់ខ្លួននៅក្នុងប្រទេសចិនដីគោក។

គួរជម្រាបថា ការផ្លាស់ប្តូរយុទ្ធសាស្រ្តលក់រាយនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពវត្តមានរបស់ Microsoft នៅក្នុងប្រទេសចិន ខណៈពេលដែលធានានូវភាពអាចរកបាននៃផលិតផលរបស់ខ្លួនតាមរយៈ Channel អនឡាញជំនួស។ អ្នកវិភាគចាត់ទុកការសម្រេចចិត្តនេះថាជាការកែសម្រួលយុទ្ធសាស្ត្រសកលទាក់ទងនឹងឧបករណ៍ Surface របស់ Microsoft៕