(បរទេស)៖ ការចែកចាយរថយន្តអគ្គសិនីរបស់ក្រុមហ៊ុន Tesla នៅត្រីមាសដែលបញ្ចប់នៅខែមិថុនានេះ ទំនងជាធ្លាក់ចុះ ៦% ជាលើកដំបូង ដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលមួយនេះ បានកំណត់ថានឹងប្រកាសការធ្លាក់ចុះពីរត្រីមាសជាប់គ្នា ដោយសារទាក់ទងនឹងការប្រកួតប្រជែងដ៏តឹងរឹងនៃរថយន្តអគ្គសិនីរបស់ចិន និងតម្រូវការយឺត ព្រោះកង្វះម៉ូដែលថ្មីដែលមានតម្លៃសមរម្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុនផលិតរថយន្តរបស់ Elon Musk មួយនេះរំពឹងថា នឹងលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន ៤៣៨,០១៩គ្រឿង ពីខែមេសា ដល់ខែមិថុនា។ នេះបើយោងតាមការសន្និដ្ឋានរបស់អ្នកវិភាគ១២រូបមកពីស្ថាប័ន LSEG ខណៈ៧នាក់ក្នុងចំណោមអ្នកទាំងនោះ មិនរំពឹងច្រើនទេពីការលក់រថយន្ត។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅថ្ងៃច័ន្ទសប្តាហ៍នេះ បានធ្លាក់ចុះ ៦.១% បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តរបស់ចិនដូចជា BYD បានប្រកាសបានវាយលុកទីផ្សារ និងមានការលក់ដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

គួរជម្រាបថា Tesla ត្រូវបានគេដឹងថា ធ្លាប់បានវាយលុកទីផ្សារយ៉ាងលឿន បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សជាច្រើនឆ្នាំមកនេះ ដែលបានជួយធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃថ្លៃបំផុតលើពិភពលោក។ តែយ៉ាងណា ក្រុមហ៊ុននេះបានព្រមានកាលពីខែមករាថា កំណើននៃការចែកចាយនៅឆ្នាំ២០២៤ នឹងមានទាបជាងការរំពឹងទុកគួរឱ្យកត់សម្គាល់ ដោយសារបញ្ហាប្រឈមនានា៕