(ភ្នំពេញ)៖ លោកស្រីមេធាវី​ លឹម​ ច័ន្ទលីដា សមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានថ្លែងនូវការកោតសរសើរដល់ក្លឹបបាល់បោះ អៃរាវត្តា ផ្នែកនារី ដែលបានគ្រងជើងឯក និងផ្នែកបុរស ទទួលបានលេខ៣ កម្មវិធីប្រកួតកីឡាមហាជន ជ្រើសរើសជើងឯករាជធានីភ្នំពេញ ២០២៤ ។

ជាមួយនឹងការកោតសរសើរបែបនេះ លោកស្រីមេធាវី ក៏បានរៀបចំកម្មវិធីជប់លៀងអបអរសាទរ និងលើកទឹកចិត្ត ដល់ក្រុមកីឡាករកីឡាការិនី នាសប្តាហ៍មុន នៅឯអគារ A2Z Business Center ។

ការរួមចំណែករបស់លោកស្រីមេធាវី លឹម​ ច័ន្ទលីដា នឹងជួយឲ្យវិស័យកីឡាបាល់បោះកាន់តែមានការរីកចម្រើន ខណៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា។

ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពអប់រំកាយ និងកីឡា តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ។

ក្នុងឱកាសដែលសម្តេចបបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ី អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នារសៀលថ្ងៃងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាព, ឯកភាពផ្ទៃក្នុងជាតិ, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្ដើម យកជ័យជម្នះជូនជាតិមាតុភូមិបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ បន្តគាំទ្រវិស័យកីឡា កីឡាករ កីឡាការិនី ទាំងស្មារតី និងថវិកា និងសូមជួយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែច្រើន និងមាននិរន្តរភាព បន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ។ ការប្រកួតកីឡាថ្នាក់ថ្នាក់ជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែប្រសើរ និងទទួលបានជ័យជម្នះបន្ថែមទៀត។

សូមជម្រាបថា កម្មវិធីប្រកួតកីឡាមហាជន ជ្រើសរើសជើងឯករាជធានីភ្នំពេញ ២០២៤ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានតារាងបាល់បោះ វិទ្យាល័យវត្តកោះ ហើយការប្រគល់ពាន ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ៕