(ឡុងដ៍)៖ ក្លិបតោខៀវ Chelsea បានចុះកិច្ចសន្យាជាមួយខ្សែបម្រើ Kiernan Dewsbury-Hall មកពីក្លិប Leicester City លើកិច្ចសន្យា ៥ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

ព័ត៌មានលម្អិតនៃការផ្ទេរកីឡាករវ័យ ២៥ឆ្នាំរូបនេះ មិនត្រូវបានក្លិបបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា តម្លៃផ្ទេរមានប្រមាណ ៣០លានផោន (៣៨លានដុល្លារ)។

កីឡាកររូបនេះ នឹងជួបជុំគ្នាវិញ ជាមួយអ្នកចាត់ការ Enzo Maresca ដែលបានចូលរួមជាមួយ Chelsea កាលពីខែមិថុនា បន្ទាប់ពីបានដឹកនាំ Leicester ដណ្តើមបានពានរង្វាន់ Championship ពីរដូវកាលមុន។

Dewsbury-Hall រកបាន ១២គ្រាប់ និងបញ្ជូនបាន ១២លើក ក្នុងការបង្ហាញខ្លួន ៤៤ប្រកួតនារដូវកាលមុន នាំឱ្យលោកក្លាយជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Leicester ទៀតផង។

​សូមជម្រាបថា Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងលីគ Premier League កាលពីរដូវកាលមុន៕