(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ នឹងពើបប្រទះគូប្រជែងតួកគី សម្រាប់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA European Championship 2024 នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបញ្ជូនរ៉ូម៉ានី និងអូទ្រីស ត្រឡប់ទៅវិញនាយប់មិញ។

ហូឡង់ ក្នុងនាមក្រុមលេខ៣ ដែលបានឡើងមកដល់វគ្គ ១៦ក្រុមនៅ Euro លើកទី១៧ នេះបានបំបាក់រ៉ូម៉ានី ក្រុមលេខ១ ចេញពីពូល E ដោយលទ្ធផល ៣ទល់នឹង០ មិនឱ្យតដៃរួចឡើយ ដើម្បីឡើងទៅជួបតួកគី ជាក្រុមដែលបានទម្លាក់អូទ្រីស ២-១ ក្នុងការប្រកួតបិទបញ្ចប់វគ្គ ១/៨នាយប់មិញនេះដែរ។

ទាំង ៣គ្រាប់របស់ទឹកក្រូចហូឡង់ ធ្វើបានដោយកីឡាករ Cody Gakpo ដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីព Liverpool ក្នុងរយៈពេល ៤៥នាទីដំបូង មុនពេលកីឡាករបម្រុង Donyell Dalen រកបាន ២គ្រាប់នៃវគ្គទី២ ក្នុងចំណោមនៃការស៊ុតសរុបមានដល់ទៅ ១៨លើក ស្ថិតក្រោមការបង្វឹកដោយលោក Ronald Koeman គ្រាដែលរ៉ូម៉ានីវិញ ស៊ុតបាន ៤លើកផងដែរ និងចំគោលដៅតែ ១លើកប៉ុណ្ណោះ។

ដូចគ្នានោះដែរ សម្រាប់ក្រុមកូនពៅដែលបានឡើងទៅវគ្គ ៨ក្រុមនៃ Euro 2024 គឺតួកគី បានបើកការនាំមុខគូប្រជែងអូទ្រីស ២គ្រាប់មុនដោយកីឡាករ Demiral ទាំង ២គ្រាប់តែម្តង នៅមុនពេលអូទ្រីស ត្រូវរង់ចាំដល់នាទី៦៦ ទើបវាយបកបាន ១គ្រាប់វិញដោយកីឡាករ Gregoritsch និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

ការប្រកួតវគ្គ ៨ក្រុមរវាងហូឡង់ និងតួកគី នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ខណៈវគ្គផ្តាច់ព្រ័ត្រវិញ នឹងធ្វើឡើងនៅថ្ងៃទី១៥ នៃខែដដែល (ម៉ោងនៅកម្ពុជា)៕