(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា ដណ្តើមបានមេដាយបា្រក់ ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី ដែលនាំឲ្យកម្ពុជា កើនមេដាយសរុបចំនួន ៦គ្រឿងជាបណ្តោះអាសន្ន។

សម្រាប់ការប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៧គីឡូក្រាម កីឡាការិនីកម្ពុជា ឈឿង អាលីហ្សា ធ្វើបានយ៉ាងល្អតាំងពីវគ្គជម្រុះ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែគួរឲ្យស្ដាយ ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹងគូប្រជែងឥណ្ឌូនេស៊ី Maheswari Megawati អាលីហ្សា បានរងបរាជ័យ ទទួលបានត្រឹមមេដាយប្រាក់ ខណៈម្ចាស់ផ្ទះបានមេដាយមាស និងថៃ បានមេដាយសំរឹទ្ធ លើវិញ្ញាសានេះ។

គួរដឹងថា ក្នុងចំណោមប្រតិភូកីឡា ៦ប្រភេទ ដែលកម្ពុជាបានបញ្ជូនចូលរួមការប្រកួតកីឡានិស្សិតអាស៊ានឆ្នាំនេះ សម្រាប់តេក្វាន់ដូ WT បានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួមប្រកួតលើវិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៤៩គីឡូក្រោម និង ៥៧គីឡូក្រោម និងប្រយុទ្ធបុរសទម្ងន់ ៨០គីឡូក្រោម និងវិញ្ញាសាមេគុនឯកត្តជន។

គិតត្រឹមល្ងាចថ្ងៃទី០២ ខែកក្កដា កម្ពុជាដណ្ដើមបានមេដាយសរុប ៦គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ២ ដែលដណ្ដើមបានដោយក្រុមកីឡាប៉េតង់ (មេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), កីឡាយូដូ (មេដាយប្រាក់ ១) និងកីឡាតេក្វាន់ដូ WT ដែលទើបដណ្ដើមបានមេដាយប្រាក់ ដោយកីឡាការិនី ឈឿង អាលីហ្សា កាលពីថ្ងៃម្សិលមិញ៕