(អាមេរិក)៖ ការប្រកួតជើងឯកបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 បានឈានដល់វគ្គប្រកួតចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយ ដោយក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ជួបក្រុមអេក្វាទ័រ និងក្រុមសាំបាប្រេស៊ីល ប៉ះក្រុមអ៊ុយរ៉ូហ្គាយ ខណៈការប្រកួតវគ្គនេះ នឹងចាប់ផ្តើមពីថ្ងៃទី០៤-០៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសហរដ្ឋអាមេរិក ជាម្ចាស់ផ្ទះរៀបចំការប្រកួតជំនាន់ទី៤៨ នេះ ។

សម្រាប់វគ្គ ៨ក្រុមនេះដែរ ក្រុមជម្រើសជាតិកាណាដា ត្រូវប៉ះក្រុមវេណេហ្ស៊ូអេឡា ហើយក្រុមកូឡុំប៊ី ប៉ះក្រុមប៉ាណាម៉ា ហើយស្ថិតក្នុងការប្រកួតនេះ កីឡាករអាហ្សង់ទីន Lautaro Martinez កំពុងមាន ៤គ្រាប់ច្រើនជាងគេ ដ្បិតប្រធានក្រុម Lionel Messi នៅមិនទាន់រកបានគ្រាប់ស៊ុតបញ្ចូលទីបាននោះទេ នាមជាម្ចាស់ស្បែកជើងមាសឆ្នាំ២០២១ ដែលរកបាន ៤គ្រាប់ស្មើជាមួយកីឡាករ Luis Diaz របស់កូឡុំប៊ី ។

បញ្ជាក់ផងថា សម្រាប់ព្រឹតិ្តការណ៍ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាមេរិកឡាទីន Copa America គឺក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុមអ៉ុយរ៉ូហ្គាយ ឈ្នះពាននេះបានចំនួន ១៥លើកច្រើនជាងគេ ហើយក្រុមប្រេស៊ីល ឈ្នះពាននេះទើបតែបាន ៩លើក ៕