(ម៉ូនិច)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ បានដំណើរការប្រកួតជាងកន្លះខែមក ពោលគឺចាប់ពីរាត្រីថ្ងៃសុក្រ ទី១៤ ខែមិថុនាមក ស្របពេល Top scorer ដែលមាន ៣គ្រាប់ស្មើគ្នានោះ បានកើនដល់ ៤នាក់ហើយ។

ការប្រកួតដែលមានរយៈពេល ១ខែពេញ ពោលគឺនឹងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា (ម៉ោងក្នុងតំបន់) ដោយមាន ២៤ក្រុម (ប្រទេស) ចូលរួមផងនោះ គឺបានបិទបញ្ចប់វគ្គសន្សំពិន្ទុតាមពូលចាប់ពីពូល A ដល់ពូល F និងវគ្គ ១៦ក្រុមផងដែរនោះ។ ពេលនេះមានតែ ៨ក្រុមទេ រួមទាំងម្ចាស់ផ្ទះអាល្លឺម៉ង់មិនទាន់ត្រឡប់ទៅវិញផ្ទះវិញនៅឡើយ ជាមួយនឹងការបំប៉ោងសំណាញ់ទីគ្នាសរុបមាន ១០០គ្រាប់គត់ ក្នុងចំណោម ៤៤ប្រកួតមកនេះ ដោយមានការពិន័យ ៥កាតក្រហម និង ៣៨កាតលឿង។

៧ប្រកួតដែលនៅសល់ចាប់ពីវគ្គ ៨ក្រុមដល់ផ្តាច់ព្រ័ត្រតែម្តង ខណៈវគ្គ ១/៤ នឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី០៥-០៧ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) រវាងម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ ជួបគោជល់អេស្ប៉ាញ, មាន់គកបារាំង ប៉ះបច្ចខែលព័រទុយហ្គាល់, តោកំណាចអង់គ្លេស ជួបក្រុមកាកបាទក្រហមស្វីស និងទឹកក្រូចហូឡង់ ប៉ះក្រុមអឌ្ឍចន្ទតារា តួកគី។

ងាកទៅចាប់អារម្មណ៍សម្រាប់អ្នកស៊ុតច្រើននៃយុទ្ធនាការលើកទី១៧ ក្នុង Euro 2024 វិញមាន ៤នាក់ជាបណ្តោះ អាសន្នដោយមកពី ៤ជម្រើសជាតិផងដែរ ក្នុងការប្រជែងស្បែកជើងមាស Golden Boot លើកនេះរួមមានកីឡាករ Georges Mikautadze របស់ហ្ស៊កហ្ស៊ី (ហាលអាវ), Jamal Musiala របស់អាល្លឺម៉ង់, Cody Gakpo របស់ហូឡង់ និង Ivan Schranz របស់ស្លូវ៉ាគី (ហាលអាវ)៕