(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានរាយការណ៍មកថា បានបោះបង់ក្រុមហ៊ុន Sony ងាកមកចាប់ដៃជាមួយ Samsung ជំនួសវិញ ដើម្បីធ្វើជាដៃគូផ្គត់ផ្គង់សិនស័រកាមេរ៉ានៅលើ iPhone 16 របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

បើតាមសេចក្តីរាយការណ៌ថ្មីរបស់ The Elec បានសសេរថា ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Samsung System LSI សម្រាប់កាមេរ៉ាគោលរបស់ iPhone 16 ជាជាងសិនស័រ Sony ដែលមានបញ្ហាលើពីរចំណុចសំខាន់។ ចំណុចទី១ ថ្មីៗនេះ ក្រុមហ៊ុនផលិត iPhone នេះបានរកឃើញថា សិនស័រដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនជប៉ុនមួយនេះ មានបញ្ហាទៅលើការចាប់សញ្ញាច្បាស់លាស់ និងចំណុចទី២ ក្រុមហ៊ុន Sony មិនអាចផ្គត់ផ្គង់សិនស័រសម្រាប់ក្រុមហ៊ុន Apple បានទាន់ពេលវេលា ដោយសារតែក្រុមហ៊ុនអាមេរិមួយនេះ មានការកំណត់ច្បាស់លាស់ទៅលើការផលិតស្មាតហ្វូនរបស់ខ្លួន។ បន្ថែមពីនេះ ទាក់ទងជាមួយនិងការសម្រេចចិត្តប្រើប្រាស់សិនស័រថ្មីនៅលើ iPhone 16 នេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមនិយាយជាមួយ Samsung តាំងពីឆ្នាំមុនមកម្លេះ។

ក្រៅពីការប្តូរក្រុមហ៊ុនផ្គត់ផ្គង់សិនស័រ ក៏មានសេចក្តីរាយការណ៍មួយទៀតបង្ហាញថា iPhone 16 ទាំង​បួន​ម៉ូដែល​នឹង​មាន​បន្ទះ​ឈីប A18 ខណៈកាលពីឆ្នាំមុន Apple បានបញ្ចេញ iPhone 15 និង iPhone 15 Plus ជាមួយនឹងបន្ទះឈីប A16 Bionic ហើយ iPhone 15 Pro និង iPhone 15 Pro Max ជាមួយនឹង A17 Pro ។ អាចនិយាយបានថា iPhone 16 មានការផ្លាស់ប្តូរចំណុចពិសេសជាច្រើន និងជាជម្រើសល្អមួយសម្រាប់អ្នកប្រើប្រាស់ ដោយសារតែមានការបង្កើនថាមពលនានា តាមរយៈបន្ទះឈីប A18៕