(បរទេស)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Biden បានដកហូតអាជ្ញាប័ណ្ណចំនួនប្រាំបីពីក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍យក្សចិន Huawei នៅឆ្នាំ២០២៤នេះ ដែលបានធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ចូនទំនិញ ពីដៃគូផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Hauwei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

នាយកដ្ឋានពាណិជ្ជកម្ម ដែលត្រួតពិនិត្យគោលនយោបាយនាំចេញរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែឧសភាថា ខ្លួនបានដកហូតអាជ្ញាប័ណ្ណ «ជាក់លាក់» ដូចដែលបានរាយការណ៍ដំបូងដោយ Reuters ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះ ឬចំនួនអ្នកផ្គត់ផ្គង់ដែលរងផលប៉ះពាល់នោះទេ។ ក្នុងនោះអាជ្ញាប័ណ្ណពីក្រុមហ៊ុនបន្ទះផលិតបន្ទះឈីប Qualcomm និង Intel ក៏ត្រូវបានរាយការណ៍ថាស្ថិតក្នុងចំណោម ក្រុមហ៊ុនដែលត្រូវបានដកហូតផងដែរ។ ក្នុងឯកសារដែលរាយការណ៍ដោយ Reuters បង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០២៤មក នាយកដ្ឋានពាណិជ្ជកម្មបានដកហូតអាជ្ញាប័ណ្ណបន្ថែមចំនួនប្រាំបី ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចិន Huawei ។ បានន័យថា ក្រុមហ៊ុនអាមេរិកគ្មានសិទ្ធនាំចេញគ្រឿងអេឡិចត្រូនិចសំខាន់ៗ ទៅឲ្យក្រុមហ៊ុន Huawei ឡើយ រួមមាន touchpad និង touchscreen sensors សម្រាប់ tablets ជាដើម។

ជុំវិញដំណឹងនេះ ក្រុមហ៊ុន Huawei និង Qualcomm មិនឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ Intel បានបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈអ្នកនាំពាក្យគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិក ដែលដឹកនាំដោយលោក McCaul បាននិយាយថា ខ្លួនបានទទួលទិន្នន័យកាលពីថ្ងៃអង្គារ ហើយកំពុងពិនិត្យឡើងវិញ។

គួរជម្រាបថា ក្រុមហ៊ុន Huawei ត្រូវបានដាក់ក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ចំពេលមានការភ័យខ្លាចថា ក្រុមហ៊ុនចិនមួយនេះអាចធ្វើចារកម្មលើជនជាតិអាមេរិក។ ការបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីនេះ មានន័យថាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនត្ រូវស្វែងរកអាជ្ញាប័ណ្ណពិសេសណាមួយដើម្បីនាំចេញ ឬមានការពិបាកដឹកជញ្ជូនទំនិញនាំចេញជាដើម៕