(បរទេស)៖ នៅថ្ងៃពុធសប្តាហ៍នេះក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution (LGES) បានសម្ពោធរោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងរបស់ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងសមត្ថភាពផលិតអាគុយប្រចាំឆ្នាំ ១០ជីហ្គាវ៉ាត់ម៉ោង (10 GWh) ដែលមានទីតាំងស្ថិតនៅខេត្ត West Java។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា រោងចក្រនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Hyundai Motor និង LGES ក្នុងការវិនិយោគរហូតដល់ ៩.៨ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គសិនី និងទាញផលប្រយោជន៍ពីធនធានដ៏សម្បូរបែបនៃនីកែល និងទង់ដែង។ ទន្ទឹមគ្នានេះ ប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung បាននិយាយនៅក្នុងពិធីបើករោងចក្រថា «ធនធានរ៉ែរបស់ប្រទេសនេះ ដូចជាដែក និងនីកែល គឺជាសមាសធាតុសំខាន់នៅក្នុងអាគុយ ដែលអាចផលិត និងនាំចេញរថយន្តអគ្គិសនីបានរាប់លានគ្រឿងទូទាំងពិភពលោក»

រោងចក្រនេះ ត្រូវបានរួមបញ្ចូលជាមួយនឹងរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Hyundai តាមផែនការរំពឹងទុកអាចនឹងទទួលការផ្គត់ផ្គង់រហូតដល់ទៅ ៥០,០០០គ្រឿងឯណោះក្នុងមួយឆ្នាំ។ ក្រុមហ៊ុនទាំងពីរនេះ បានប្រកាសនៅឆ្នាំ ២០២១ ថាពួកគេកំពុងវិនិយោគ ១.១ ពាន់លានដុល្លារនៅក្នុងរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងខេត្ត West Java ។ វាមានសមត្ថភាពគ្រប់គ្រាន់ប្រចាំឆ្នាំក្នុងការផលិតអាគុយដែលអាចផ្តល់ថាមពលដល់រថយន្តអគ្គិសនីច្រើនជាង ១៥០,០០០គ្រឿង។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ (Joko Widodo) មានប្រសាសន៍ថា រោងចក្រនេះនឹងពង្រឹងតួនាទីសំខាន់របស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងខ្សែសង្វាក់ផ្គង់ផ្គង់រថយន្តអគ្គិសនីពិភពលោក នៅពេលដែលវាបង្កើតឧស្សាហកម្មកែច្នៃក្នុងស្រុក។ លោកបានបន្ថែមទៀតថា «នេះគឺជារោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូង និងធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយខ្ញុំប្រាកដថា យើងនឹងអាចឈ្នះការប្រកួតប្រជែងនេះជាមួយប្រទេសដទៃទៀត ពីព្រោះនីកែល បុកស៊ីត និងទង់ដែងនៅទីនេះ»

គួរជម្រាបដែរថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសផលិតនីកែលកំពូលរបស់ពិភពលោក បានធ្វើការហាមឃាត់ការនាំចេញនីកែលឆៅក្នុងឆ្នាំ២០២០ និងលើកលើកទឹកចិត្តការវិនិយោគទៅលើការកែច្នៃលោហៈក្នុងស្រុកជំនួសវិញ៕