(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Iliman Ndiaye មកពីក្លិបបារាំង Marseille លើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្នុងតម្លៃ ១៥លានផោន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានចូលរួមជាមួយ Marseille ដោយផ្ទេរមកពីក្លិប Sheffield United កាលពីរដូវក្តៅមុន។

Ndiaye រកបាន ៤គ្រាប់ ពី ៤៦ប្រកួតនារដូវកាលមុន ជួយក្លិបបារាំងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Europa League ផងដែរ។

«គាត់នៅក្មេង ប៉ុន្តែមានបទពិសោធន៍លេងនៅ European និងកម្រិតអន្តរជាតិ ដែលត្រូវដាក់បន្ថែមចូលក្រុមរបស់យើង»។ អ្នកចាត់ការក្លិប Everton លោក Sean Dyche បានលើកឡើង។

ដោយឡែកនាយកផ្នែកបាល់ទាត់ Everton លោក Kevin Thelwell បានលើកឡើងដែរថា​ «IIiman គឺជាកីឡាករម្នាក់ ដែលយើងបានកោតសរសើរយូរណាស់មកហើយ ហើយយើងពិតជារីករាយណាស់ ក្នុងការនាំយកកីឡាករ ដែលមានគុណភាពដូចរូបគាត់មកកាន់ Everton»