(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ត្រកូល iPhone 16 ទាំងបួនម៉ូដែលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្ស Apple នឹងត្រូវបានបំពាក់ដោយបន្ទះឈីប A 18 កម្រិតខ្ពស់ដូចគ្នា។ ខណៈដំណឹងនេះហាក់ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល នឹងជាលើកដំបូង ដោយជាក់ស្តែងសម្រាប់ iPhone 15 និង iPhone 15 Plus ត្រូវបានបំពាក់បន្ទះឈីបថាមពលតិច A16 Bionic, iPhone 15 Pro និង iPhone 15 Pro Max ត្រូវបានបំពាក់ជាមួយបន្ទះឈីបកម្លាំងខ្លាំង A17 Pro ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតបន្ថែមទៀតមិនត្រូវបានបង្ហាញនោះទេ។ ប៉ុន្តែដំណឹងនេះទំនងជា iPhone 16 ទាំងអស់អាចគាំទ្រមុខងារ «Apple Intelligence» ថ្មីរបស់ Apple ដែលទាមទារបន្ទះឈីបដែលមានកម្លាំងខ្លាំង។ ដោយឡែកចំពោះ AI ឬ Apple Intelligence សម្រាប់ត្រកូល iPhone 15 ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ មានតែនៅលើម៉ូដែលកម្រិតខ្ពស់ iPhone 15 Pro និង iPhone 15 Pro Max តែប៉ុណ្ណោះ។

គួរជម្រាបដែរថា Apple បាននឹងកំពុងផ្លាស់ប្តូរនៅលើត្រកូល iPhone 16 ជាបន្តបន្ទាប់។ ប្រភពពី The Information បានឲ្យដឹងថា ក្រមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលដែលនឹងមានប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មី។ ដោយសារតែមានការទាមទាពីសហគមន៌អឺរ៉ុបទៅលើការផ្លាស់ប្តូរនូវទម្រង់នៃថាមពលថ្ម សម្រាប់ស្មាតហ្វូនទាំងអស់នៅឆ្នាំ២០២៥ខាងមុខនោះ ហើយពេលនេះ Apple បានសម្រេចចិត្តធ្វើការអាប់ដែតទៅលើថាមពលនៅលើ iPhone ហើយ៕