(ប៊ុយនុសអ៊ែរ)៖ អាហ្សង់ទីន បានកោះហៅកីឡាករ Julian Alvarez និង Nicolas Otamendi ចូលក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Olympic Games នៅទីក្រុង Paris បើទោះបីជាកីឡាករទាំងពីររូបនេះ កំពុងចូលរួមប្រកួតក្នុងកម្មវិធី Copa America នៅសហរដ្ឋអាម៉េរិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមសម្រាប់ Olympics ដែលត្រូវបានដឹកនាំដោយគ្រូបង្វឹក Javier Mascherano បានបញ្ចូលឈ្មោះកីឡាករវ័យ ៣៦ឆ្នាំ Otamendi និងអ្នកចាំទីវ័យ ៣២ឆ្នាំ Geronimo Rulli ក្នុងចំណោមកីឡាករ ដែលលោកបានកោះហៅផងដែរ។

ទាំងកីឡាករ Alvarez របស់ក្លិប Manchester City និងកីឡាករ Otamendi របស់ក្លិប Benfica បានលេងជាង ៥០ប្រកួតរួចទៅហើយក្នុងរដូវកាលនេះ សម្រាប់ក្លិប និងប្រទេសរបស់ខ្លួន។

អាហ្សង់ទីន ឡើងដល់វគ្គ ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ Copa America 2024 ក្នុងនាមជាក្រុមការពារតំណែងជើងឯក។

ដោយឡែក ម្ចាស់ពានរង្វាន់ World Cup និងប្រធានក្រុមអាហ្សង់ទីន Lionel Messi បានបដិសេធរួចទៅហើយ សម្រាប់ការលេងនៅព្រឹត្តិការណ៍ Olympics ដោយកីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានអះអាងថា ត្រូវការពេលវេលាសម្រាក។

ការប្រកួតបាល់ទាត់ផ្នែកបុរស នៅ Olympics នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Copa America។ អាហ្សង់ទីន ស្ថិតក្នុងពូលជាមួយម៉ារ៉ុក, អ៊ីរ៉ាក់ និងអ៊ុយក្រែន សម្រាប់ព្រឹត្តិការណ៍ដែលមាន ១៦ក្រុមចូលរួមប្រកួតនេះ៕